backup og meta

ដើរ ៣០ នាទី ក្នុង​មួយ​ថ្ងៃ ផ្ដល់គុណប្រយោជន៍យ៉ាងតិច ៧ យ៉ាងដល់សុខភាព

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2020

    ដើរ ៣០ នាទី ក្នុង​មួយ​ថ្ងៃ ផ្ដល់គុណប្រយោជន៍យ៉ាងតិច ៧ យ៉ាងដល់សុខភាព

    ការ​ដើរ​ក៏​ជា​លំហាត់ប្រាណ​មួយ​ដែរ និងមាន​ភាព​ងាយស្រួល ហើយ​ក៏​មិន​ចំណាយ​ច្រើនអ្វីដែរ​។ ការ​ដើរ​គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​យើង បើ​អាច​ដើរ​យ៉ាង​តិច​ ៣០ ​នាទី​ក្នុង​មួយ​ថ្ងៃ។

    . ជួយ​ដល់​ចរន្ត​ឈាម

    ការ​ដើរ​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង បង្កើន​អត្រា​ចង្វាក់​បេះដូង បញ្ចុះ​សម្ពាធ​ឈាម និង​ពង្រឹង​សុខភាព​បេះដូង។ សម្រាប់​ស្ត្រី​អស់​រដូវ​ដែល​ដើរ​ ១ ​ទៅ​ ៣ ​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​រហូត​ជិត​ដល់ ​១១ ​ពិន្ទុ​ក្នុង​រយៈពេល​ ២៤​ សប្ដាហ៍។ រីឯ​ស្ត្រី​ដែល​ដើរ​ ៣០ ​នាទី​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​រហូត​ដល់ ២០%។ នេះបើ​យោង​តាម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard ផ្នែក​សុខភាព​សាធារណៈ​នៅ​ទីក្រុង Boston

    . ពង្រឹង​ឆ្អឹង

    ការ​ដើរ​អាច​បញ្ឈប់​ការ​បាត់បង់​ម៉ាស់​ឆ្អឹង​សម្រាប់​អ្នក​មាន​ជំងឺ​ពុក​ឆ្អឹង។ ការ​សិក្សា​មួយ​ទៅ​លើ​ស្ត្រី​អស់​រដូវ​បាន​បង្ហាញ​ថា​ការ​ដើរ​៣០នាទី​រាល់​ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​ការ​បាក់​ឆ្អឹង​ត្រគាក​បាន​រហូត​ដល់​ ៤០%

    . បន្ថយ​ការ​ឈឺចាប់​នៅ​សន្លាក់

    ការ​ដើរ​អាច​ជួយ​ការពារ​សន្លាក់​រួម​ទាំង​ជង្គង់ និង​ត្រគាក។ នេះ​មក​ពី​ការ​ដើរ​ជួយ​ផ្តល់​ជាតិ​រំអិល និង​ពង្រឹង​សាច់ដុំ​ដែល​ទ្រទ្រង់​សន្លាក់។ ម៉្យាងទៀត ការ​ដើរ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ដោយ​កាត់បន្ថយ​ការ​ឈឺចាប់ ហើយ​ការ​ដើរ​៨​ទៅ​៩​គីឡូម៉ែត្រ​ក្នុង​មួយ​សប្ដាហ៍​ក៏​អាច​ជួយ​បង្ការ​ជំងឺ​រលាក​សន្លាក់​ដែរ។

    . សម្រក​ទម្ងន់

    ការ​ដើរ​ត្រឹម​តែ​ ៣០​ នាទី​​អាច​ដុត​បាន​ ២០០​ កាឡូរី។ ការ​ដើរច្រើន​នាំឲ្យ​ការ​ដុត​កាឡូរី​ក៏បាន​ច្រើន ដែល​​នេះ​អាច​ជួយ​​ឲ្យ​យើង​ស្រក​ទម្ងន់​បាន។

    . បង្កើន​ថាមពល

    ចេញដើរ​នៅ​ពេល​យើងមានអារម្មណ៍ថា​​ហត់នឿយ​​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ថាមពល​បាន​ល្អ​ជាង​យើង​​ផឹក​កាហ្វេ​ទៅ​ទៀត។ ការ​ដើរ​ជួយ​បង្កើន​​អុកស៊ីសែន​ក្នុង​រាងកាយ និង​បង្កើន​កម្រិត​អ័រម៉ូន cortisol អ័រម៉ូន epinephrine និង​អ័រម៉ូន norepinephrine​ដែល​អ័រម៉ូន​ទាំង​នេះ​អាច​ជួយ​បង្កើន​ថាមពល​បាន។

    . ជួយ​ឲ្យ​មានអារម្មណ៍​ល្អ

    ការ​ដើរ​អាច​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​បាន។ ការ​សិក្សា​ជា​ច្រើនបង្ហាញថា​ការ​ដើរ​​អាច​ជួយ​កាត់បន្ថយ​អាការៈ​ថប់​បារម្ភ ជំងឺ​បាក់​ទឹក​ចិត្ត និង​អារម្មណ៍​អវិជ្ជមាន។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​យើង​អាច​ដើរ​ ៣០​​ នាទី ឬ​អាច​ហាត់ប្រាណ​ ៣ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

    . ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

    ការ​ដើរ​អាច​កាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ។ ការ​សិក្សា​មួយ​បាន​តាមដាន​មនុស្ស​ពេញ​វ័យ ១០០០​នាក់​អំឡុង​រដូវ​កាល​ផ្ដាសាយ និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​ដើរ​៣០​ទៅ​ ៤៥​ នាទី​ក្នុង​មួយ​ថ្ងៃ​ឈឺ​តិច​ថ្ងៃ​ និង​មិន​សូវ​មាន​ការ​ឆ្លង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើទេ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​មិន​សូវ​ដើរវិញ ​ឃើញ​ថា​អ្នក​ដើរ​មាន​អាការៈ​តិច​តួច​ជាងអ្នក​មិន​សូវ​ដើរ​​នៅ​ពេល​ឈឺ​ម្ដងៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម