បើនិយាយដល់សូណា(saunas ) មានគ្នាយើងមិនតិចនាក់ទេបានជ្រើសរើសវិធីប្រើបន្ទប់កម្ដៅមួយនេះដើម្បីជាវិធីសម្រាកផង និងបញ្ចេញញើសផង។ តើការចូលសូណា អាចជួយដល់ការសម្រកទម្ងន់ដែរទេ?
សូណា សម្ដៅដល់បន្ទប់ដែលមានការដុតកម្ដៅឲ្យមានសីតុណ្ហភាពស្ថិតនៅចន្លោះពី៦៥,៥អង្សាសេ និង៩០,៦អង្សាសេ។ ជាធម្មតាយើងអាចចំណាយពេលប្រហែលពី១៥នាទី ទៅ៣០នាទីក្នុងបន្ទប់សូណានេះ។
ចុះបើចូលបន្ទប់សូណាធ្វើឲ្យបែកញើស តើអាចធ្វើឲ្យយើងស្រកគីឡូបានទេ? ចម្លើយខ្លីគឺថាអាច តែតិចតួច។ ពេលចូលសូណា ទម្ងន់យើងអាចស្រកតិចតួចប៉ុណ្ណោះ ព្រោះថាពេលយើងបែកញើស គឺគ្រាន់តែបញ្ចេញជាតិទឹកដែលលើស(water weight)ពីរាងកាយ ហើយពេលយើងផឹកទឹកឡើងវិញ នោះទម្ងន់ដែលកើនដោយសារជាតិទឹក នឹងវិលមកវិញដែរ។
ថ្វីបើយើងនៅក្នុងបន្ទប់មានដុតកម្ដៅដូចសូណានេះធ្វើឲ្យចង្វាក់បេះដូងរបស់យើងដើរប្រហាក់ប្រហែលគ្នានឹងយើងហាត់ប្រាណក៏ពិតមែន តែថាការដុតកាឡូរីមានតិចតួចប៉ុណ្ណោះ ដោយថាមិនច្រើនជាងចំនួនកាឡូរីដែលដុតក្នុងអំឡុងយើងអង្គុយប៉ុន្មានទេ។
ថ្វីបើសូណាមិនអាចជួយដុតកាឡូរីយើងបានច្រើនមែន តែសូណាក៏ជួយឲ្យសរសៃឈាមយើងរីកធំ ដែលជួយជំរុញឲ្យឈាមដើរបានល្អ និងធ្វើឲ្យសម្ពាធឈាមចុះទាបដែរ។ ការសិក្សាថ្មីៗនេះ បានរកឃើញពីទំនាក់ទំនងរវាងសូណា និងការធ្វើឲ្យប្រសើរនៃសុខភាពបេះដូង តែសម្រាប់អ្នកមានបញ្ហាចង្វាក់បេះដូងមិនទៀងទាត់ និងអ្នកទើបជួបបញ្ហាគាំងបេះដូងគួរចៀងវាងទៅសូណា។
[embed-health-tool-bmi]