អាល់កុលមាន ៣ ប្រភេទ ក្នុងនោះមាន ១ ប្រភេទយើងអាចញុំាបាន តែ ២ ប្រភេទទៀតយើងមិនអាចញុំាបានទេ ព្រោះពួកវាអាចបណ្តាលឱ្យគ្រោះថ្នាក់។ តើអាល់កុលប្រភេទណាអាចញុំាបាន ប្រភេទណាញុំាមិនបាន?
អាល់កុលដែលយើងប្រើរាល់ថ្ងៃមាន ៣ ប្រភេទគឺ មេតាណុល អេតាណុល និងអ៊ីសូប្រូប៉ាណុល។
១. មេតាណុល
អាចហៅថាមេទីល ឬអាល់កុលឈើ ហើយយើងប្រើប្រាស់វានៅក្នុងឧស្សាហកម្ម។ យើងប្រើប្រាស់មេតាណុលជាសមាសធាតុផ្សំនៅក្នុងប្រេងឥន្ធនៈសម្រាប់រថយន្ត និងទូក ឬផលិតជាសារធាតុប្រឆាំងការកក ទឹកលាង ថ្នាំលាប ទឹកជូតកញ្ចក់ឡាន សារធាតុផ្ទុះ ឬផ្លាស្ទិច។
២. អេតាណុល
អាចហៅថាអាល់កុលអេទីល ឬអាល់កុលគ្រាប់ធញ្ញជាតិ គឺជាប្រភេទអាល់កុលដែលយើងអាចញុំាបាន។ អាចញ៉ាំបានមានន័យថា វត្តមានរបស់វានៅក្នុងផលិតផលណាមួយ ដែលអាចញាំបាន មិនបង្កគ្រោះថ្នាក់ មិនសំដៅលើការយកមកញ៉ាំផ្ទាល់នោះទេ។ យើងផលិតអាល់កុលប្រភេទនេះដោយការបណ្តុះមេជាមួយស្ករ និងជាតិម្សៅ ហើយប្រើក្នុងការបិតស្រា ឬផលិតស្រាបៀរ។ ទោះជាយ៉ាងណាក៏ដោយ អេតាណុលក៏មានផលប៉ះពាល់ដល់រាងកាយយើងដែរ។
ថ្លើមរបស់យើងអាចបំប្លែងអេតាណុលបាន តែក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ ប្រសិនបើយើងញុំាច្រើនអាចបណ្តាលឱ្យខូចថ្លើម ខួរក្បាល និងសរីរាង្គផ្សេងទៀត ។ លើសពីនេះទៅទៀត ការញុំាគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យយើងញៀន។
អាល់កុលអេទីលក៏ត្រូវបានផលិតដោយសំយោគផងដែរ។ យើងមិនប្រើអាល់កុលអេទីលសំយោគនៅក្នុងភេសជ្ជៈទេ ប៉ុន្តែយើងប្រើវាជាសារធាតុផ្សំនៅក្នុងជែលលាងដៃ និងទឹកអប់។
ចង់ស្វែងយល់បន្ថែមពីបញ្ហាក្រពះពោះវៀន ចុចទីនេះ!
៣. អ៊ីសូប្រូប៉ាណុល
ឬអាល់កុលអ៊ីសូប្រូភីល (isopropyl alcohol) គឺជាឈ្មោះគីមីរបស់អាល់កុលសម្រាប់ជូតដែលយើងប្រើសម្រាប់សម្អាត និងសម្លាប់មេរោគ។ យើងផលិតវាពីឧស្ម័ន propylene និងទឹក។
យើងក៏ប្រើអាល់កុលសម្រាប់ជូតជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាង និងផលិតផលសម្អាតខ្លួនដូចជា ឡេលាបក្រោយពេលកោរពុកមាត់ សាប៊ូងូតទឹក ផលិតផលតុបតែងមុខ ក៏ដូចជាផលិតផលថែរក្សាក្រចក សក់ និងស្បែកផងដែរ។
អាល់កុលតែមួយប្រភេទគត់ដែលយើងអាចញុំាបាន គឺអេតាណុលនៅក្នុងស្រា ឬស្រាបៀរ។ យើងប្រើអាល់កុលពីរប្រភេទផ្សេងទៀតសម្រាប់ការសម្អាត និងក្នុងឧស្សាហ៍កម្ម។ ទាំងមេតាណុល និងអាល់កុលសម្រាប់ជូតមានជាតិពុល ហើយការញុំាអាល់កុលទាំង ២ ប្រភេទនេះអាចបណ្ដាលឲ្យស្លាប់។
[embed-health-tool-bmi]