backup og meta

តិចនិកជួយឱ្យអ័រម៉ូនមានតុល្យភាពឡើងវិញ បង្ការបញ្ហាសុខភាពផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 04, 2022

    តិចនិកជួយឱ្យអ័រម៉ូនមានតុល្យភាពឡើងវិញ បង្ការបញ្ហាសុខភាពផ្សេងៗ

    អ័រម៉ូន គឺជាសារជាតិគីមីដែលជួយគ្រប់គ្រងដំណើរការផ្សេងៗនៅក្នុងរាងកាង​​យើងដូចជា ​​ការ​ឃ្លាន ឬការ​ងងុយគេងជាដើម និងក៏មានឥទ្ធិពលខ្លាំងលើសុខភាពរបស់យើងដែរ​។ ប៉ុន្តែលក្ខខណ្ឌ​សុខភាព​មួយចំនួនអាចធ្វើឱ្យអ័រម៉ូនយើងមាន​អតុល្យ​ភាព។ តើ​អាច​មាន​រឿងអ្វីកើតឡើង​នៅ​ពេល​​មាន​អតុល្យភាព​អ័រម៉ូនក្នុងរាងកាយ ហើយយើងគួរធ្វើបែបណា​ដើម្បី​ធ្វើឱ្យអ័រម៉ូន​​មាន​តុល្យភាពឡើងវិញ?

    អ័រម៉ូនរបស់យើងរួមមាន អាដ្រេណាលីន អាំងស៊ុយលីន ករទីស៊ុល ទីរ៉ូអ៊ីត និង​អ័រម៉ូន​ភេទ​ដូចជា អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និងតេស្តូស្តេរ៉ូន។ អ័រម៉ូន​​ត្រូវបាន​ផលិតដោយក្រពេញផ្សេងៗគ្នាដូចជា ក្រពេញភីតូរីស ទីរ៉ូអ៊ីត និង​ក្រពេញ​​លើតម្រង់នោម រួចធ្វើដំណើរតាមចរន្តឈាម​ទៅសរីរាង្គ​តាម​គោលដៅ​រៀងៗ​​ខ្លួន។

    ស្រីៗយើងអាចសម្គាល់​ឃើញ​អតុល្យភាពអ័រម៉ូន ​នៅពេលអតុល្យភាព​អ័រម៉ូន​​ភេទ​កើតឡើងនៅ​ពេលពេញវ័យ ជុំវិញអំឡុងពេលមករដូវ អំឡុងពេល និង​ក្រោយ​ពេលមានផ្ទៃពោះ និងអំឡុងពេលអស់រដូវ (អាចកើត​ឡើងមុនពេលអស់រដូវ ៥ឆ្នាំ)។

    ពេលអតុល្យភាពអ័រម៉ូនយើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖

    • មានរោគសញ្ញាមុនពេលមករដូវ (PMS)
    • មករដូវមិនទៀង
    • គ្មានកូន
    • ស្រក ឬឡើងទម្ងន់
    • ចំណង់ផ្លូវភេទធ្លាក់ចុះ
    • មានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ
    • ​អស់កម្លាំង
    • ស្បែកគ្មានសុខភាពល្អ
    • មានបញ្ហារំលាយអាហារ
    • ស្ងួតទ្វារមាស
    • ក្តៅខ្លួន ឬបែកញើសពេលយប់
    • ជ្រុះសក់

    អ័រម៉ូនទាំងអស់អាចប្រែប្រួល និងប៉ះពាល់គ្នាទៅវិញទៅមក។ យ៉ាង​ណា​ក៏​ដោយ មានកត្តាសំខាន់ៗមួយចំនួនដែលអាចបណ្តាលអ័រម៉ូនមាន​អតុល្យភាព​៖

    • លើសទម្ងន់
    • មានភាពតានតឹងយូរអង្វែង
    • គេងមិនលក់
    • កង្វះលំហាត់ប្រាណ ឬហាត់ប្រាណជ្រុល
    • មានការរលាកក្នុងខ្លួន
    • មានសុខភាពពោះវៀនមិនល្អ
    • ញុំារបបអាហារមិនល្អ

    ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាច​ជួយយើងឱ្យស្ដារតុល្យភាព​អ័រម៉ូន​ឡើងវិញ៖

    ១. ញុំអាហារដែលល្អចំពោះពោះវៀន

    យោងតាមការស្រាវជ្រាវដែលបានឱ្យដឹងថា បាក់តេរីល្អនៅក្នុងពោះវៀន​(microbiome) ជួយ​ជំរុញ​ការ​ផលិត និងការគ្រប់គ្រងអ័រម៉ូនសំខាន់ៗដូចជា អាំងស៊ុយលីន ហ្គ្រេលីន និងឡេបទីន។

    ដូច្នេះយើងអាចញុំាអាហារដែលល្អចំពោះពោះវៀនដូចជា អាហារសម្បូរជាតិសរសៃរួមមាន បន្លែ និងផ្លែឈើ និងអាហារសម្បូរប្រូបាយអូទិក​ដែល​ជាបាក់តេរី​ល្អដើម្បីបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន និង​ដើម្បី​ជួសជុល​ស្រទាប់​​ពោះវៀន។ អាហារដែលសម្បូរទៅដោយប្រូបាយអូទិកមានដូចជា ទឹកដោះគោជូរ គីមឈី ជ្រក់ជាដើម។

    ២. ញុំាអាហារសម្បូរម៉ាញ៉េស្យូម

    តាមការសិក្សារបស់សាកលវិទ្យាល័យ Edinburgh ក្នុងឆ្នាំ២០១៥ បានឱ្យដឹង​ថា ម៉ាញេស្យូមជួយដល់ការគ្រប់គ្រងនាឡិកាក្នុងរាងកាយរបស់យើងដែល​ធ្វើឱ្យការបញ្ចេញអ័រម៉ូនក្នុងរាងកាយយើងមានស្ថិរភាព។

    ម៉ាញ៉េស្យូមក៏អាចជួយយើងបន្ធូរសាច់ដុំ កាត់បន្ថយភាពតានតឹង គេងលក់​ស្រួល កាត់​បន្ថយអាការៈមុនពេលមករដូវ (PMS) និងការឈឺចាប់ពេល​មករដូវដែរ។ អាហារ​សម្បូរ​ម៉ាញ៉េស្យូមមានដូចជា ផ្លែប័រ ចេក សូកូឡាខ្មៅ គ្រាប់ផ្លែឈើ សណ្តែក តៅហ៊ូ បន្លែ​បៃតង​ជាដើម។

    ៣. គេងឱ្យបានគ្រប់គ្រាន់

    ការគេងបានគ្រប់គ្រាន់ជួយយើងគ្រប់គ្រងអ័រម៉ូនស្រេស្ត និងអ័រម៉ូនឃ្លាន។ ការគេង​មិន​គ្រប់គ្រាន់ធ្វើឱ្យអ័រម៉ូនស្ត្រេស (cortisol) កើនឡើងនៅពេលព្រឹក។ ដូច្នេះ​យើងត្រូវ​គេង​ឱ្យ​បាន ៨ ម៉ោងក្នុងមួយយប់នៅក្នុងបន្ទប់ងងឹត និងត្រជាក់ ហើយត្រូវចៀសវាង​ការញុំា​ជាតិ​កាហ្វេអ៊ីន និងគ្រឿងស្រវឹង​នៅពេលល្ងាចផងដែរ។

    ៤. កាត់បន្ថយភាពតានតឹង

    ស្ត្រេសជះឥទ្ធិពលដល់ការផ្លាស់ប្តូរកម្រិតអ័រម៉ូនក្នុងរាងកាយយើង។ ស្ត្រេសក៏មានទំនាក់ទំនង​នឹងការគេងរបស់យើងដែរ។ ប្រសិនបើយើងចូល​គេង​យប់​​ជ្រៅ ឬគេងមិនគ្រប់គ្រាន់ អ័រម៉ូនស្ត្រេស (cortisol) នឹងកើនដែលបណ្តាល​ឱ្យយើង​ស្រេស្ត និង​​អតុល្យភាព​អ័រម៉ូន។

    ៥. ហាត់ប្រាណ

    ការហាត់ប្រាណជួយឱ្យយើងមានអារម្មណ៍ល្អ និងមានថាមពល។ ការហាត់ប្រាណ​ជា​វិធីដ៏ល្អ​ក្នុងការបំបាត់អារម្មណ៍មិនល្អ និងអាចជួយកាត់បន្ថយអាការៈមុនមករដូវ។ យើង​គួរហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។

    ហាត់ប្រាណ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៦. ញុំាអាហារដែលមានខ្លាញ់ល្អ

    រាងកាយយើងត្រូវការខ្លាញ់ល្អ (អាស៊ីដខ្លាញ់អូមេហ្កា ៣) សម្រាប់ផលិត​អ័រម៉ូន។ ការ​ញ៉ាំ​អាហារដែលសម្បូរខ្លាញ់ល្អដូចជា ប្រេងដូង ប្រេងអូលីវ ផ្លែបឺរ គ្រាប់ឈៀ ត្រី​សាម៉ុន ​ជាដើមអាចជួយកាត់បន្ថយការរលាក ជំរុញការរំលាយអាហារ និងរក្សាទម្ងន់​របស់​យើងមិនឱ្យឡើង។

    ៧. ថែសុខភាពថ្លើម

    ថ្លើមជាសរីរាង្គដែលទទួលខុសត្រូវក្នុងការធ្វើមេតាបូលីសអ័រម៉ូន ដូច្នេះ​យើង​ត្រូវ​ញុំា​អាហារដែលល្អចំពោះថ្លើមដូចជា ប្រូខូលី ខាត់ណា ស្ពៃក្តោប និង​បន្លែ​ស្លឹកបៃតងជាដើម។

    ៨. កាត់បន្ថយកាហ្វេ

    ការញុំាកាហ្វេច្រើនអាចធ្វើឱ្យយើងគេងមិនលក់ ឬប៉ះពាល់ដល់ការគេងរបស់​យើង និង​ធ្វើឱ្យយើងសេ្រស្តដែលជះឥទ្ធិពលដល់រាងកាយក្នុងការផលិត​អ័រម៉ូន។ ប្រសិន​បើ​យើង​​ញុំាកាហ្វេ យើងគួរញុំាំកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន ហើយ​ត្រូវ​ញុំាមុន​ម៉ោង ៣ រសៀលដើម្បីចៀសវាងការគេងមិនលក់។

    ៩. កាត់បន្ថយគ្រឿងស្រវឹង

    ការញុំាគ្រឿងស្រវឹងបន្ថែមសម្ពាធដល់ថ្លើម និងធ្វើឱ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​​យើង​មាន​អតុល្យភាព ហើយយើងគួរចៀសវាងញុំាគ្រឿងស្រវឹង​​ពេល​ពោះ​ទទេ។

    ១០. ប្រយ័ត្នចំពោះសារធាតុ phytoestrogens

    សាធាតុ phytoestrogen​ មាននៅក្នុងរុក្ខជាតិមួយចំនួនដូចជា សណ្កែក​សៀង ដែល​អាច​បញ្ចេញឥទ្ធិពល​ដូច​​អ័រម៉ូនអ៊ឹស្រ្តូសែន។ ការញុំាសណ្កែក​សៀង​​ក្នុងបរិមាណច្រើន​ពេកអាចរារាំងរាងកាយពីការដំណើរការជាតិអ៊ីយ៉ូត ដែលមានក្នុង​ក្រពេញ​ទីរ៉ូអ៊ីត សុដន់ និងអូវែ និងមាននាទីធ្វើមេតាបូលីស​កោសិកា និងធ្វើឱ្យអ័រម៉ូន​មានតុល្យភាព។

    ១១. បន្ថែមវីតាមីន D

    វីតាមីន D ដើរតួដូចអ័រម៉ូននៅក្នុងខ្លួនយើងអ៊ីចឹង ហើយអាចរក្សា​ការរលាក​​ឱ្យ​នៅ​កម្រិត​ទាប។ ប្រសិនបើរាងកាយខ្វះវីតាមីន D យើងនឹងងាយស្រេស្ត និងបញ្ហា​សុខភាព។ យើងអាចទទួលបានវីតាមីន D តាមរយៈការ​ហាល​ថ្ងៃនៅម៉ោង ៧ ព្រឹក និងពីអាហារដូចជា ផ្សិត ស៊ុតក្រហម គ្រឿងសមុទ្រ និងត្រីដែលមានខ្លាញ់ល្អដូចជា សាល់ម៉ុនជាដើម។

    អតុល្យភាពអ័រម៉ូនមួយចំនួនត្រូវការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ដូច្នេះប្រសិន​​បើយើ​ង​ផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅហើយ តែសុខភាពយើងនៅតែមិនប្រសើរឡើង យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម