បើយោងតាមរបាយការណ៍របស់អង្គការអាហារូបត្ថម្ភសកលចេញផ្សាយសម្រាប់ឆ្នាំ ២០២០ នេះ ការរាតត្បាតជំងឺ COVID-19 បានបង្ហាញឲ្យឃើញជាក់ស្ដែងពីភាពទន់ខ្សោយនៃប្រព័ន្ធស្បៀងអាហារ និងសុខាភិបាល ដោយថាមានមនុស្សម្នាក់ក្នុងចំណោមប្រាំបួននាក់នៃប្រជាជនទូទាំងពិភពលោកកំពុងតែជួបវិបត្តិអត់ឃ្លាន។
តាមការវិភាគថ្មីបានឲ្យដឹងថាប្រព័ន្ធស្បៀងអាហារ និងសុខាភិបាលពិភពលោកត្រូវការការកែតម្រូវឲ្យប្រសើរឡើងដើម្បីដោះស្រាយបញ្ហាខ្វះអាហារូបត្ថម្ភដែលជាការគំរាមកំហែង និងជាមូលហេតុចម្បងនៃបញ្ហាសុខភាពមិនល្អ និងការស្លាប់ទូទាំងពិភពលោក។
របាយការណ៍អង្គការអាហារូបត្ថម្ភសកលឆ្នាំ២០២០ បានរកឃើញថាមនុស្សភាគច្រើននៅជុំវិញពិភពលោកមិនអាចទទួលបានអាហារសម្បូរជីវជាតិនោះទេ ដោយសារថាអាហារដែលផលិតមកច្រើនផ្ដោតទៅលើបរិមាណកាឡូរីជាជាងអាហាររូបត្ថម្ភមានជីវជាតិ និងច្រើនមាននៅក្នុងអាហារកែច្នៃដែលមានតម្លៃទាប។ វិសមភាពនេះមាននៅគ្រប់ប្រទេស។
តាមរបាយការណ៍ដដែលបានឲ្យដឹងថាមនុស្សម្នាក់ក្នុងចំណោមប្រាំបួននាក់ ឬមនុស្ស៨២០លាននាក់ទូទាំងពិភពលោកកំពុងជួបបញ្ហាអត់ឃ្លាន ខណៈដែលមនុស្សម្នាក់ក្នុងចំណោមបីនាក់មានជំងឺធាត់។ សព្វថ្ងៃមានការកើនឡើងនៃចំនួនប្រទេសដែលមានបន្ទុកទេ្វដងទៅលើបញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺធាត់ និងជំងឺបង្កពីរបបអាហារដូចជាជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកជាដើម។
លោក David Nabarro អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសនិ្តសុខស្បៀងបានលើកឡើងថារបាយការណ៍ដែលបានសរសេរមុនពេលមានការរាតត្បាតជំងឺ COVID-19 កាន់តែមានសារៈសំខាន់ និងបានព្រមានថានៅពេលដែលគ្រប់ប្រទេសព្យាយាមគ្រប់គ្រងការរាតត្បាតរបស់វីរុស ការខិតខំដែលគេបានប្រឹងប្រែងក្នុងការកាត់បន្ថយភាពស្រេកឃ្លាន និងកង្វះអាហារូបត្ថម្ភនឹងត្រូវបាត់បង់។ អង្គការសហប្រជាជាតិក៏បានព្រមានកាលពីខែមុនថាជំងឺរាតត្បាតនេះអាចនឹងបង្កើនចំនួនអ្នកកំពុងប្រឈមនឹងបញ្ហាស្រេកឃ្លានទូទាំងពិភពលោកគុណនឹងពីរ។
លោក Nabarro បានបន្តទៀតថាមនុស្សដែលខ្វះអាហារូបត្ថម្ភងាយនឹងប្រឈមនឹងជំងឺ COVID-19 ដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ខណៈដែលជំងឺធាត់ និងជំងឺទឹកនោមផ្អែមកាន់តែធ្វើឲ្យស្ថានភាពជំងឺ COVID-19 កាន់តែអាក្រក់។ វីរុសកូរ៉ូណានេះបានលាតត្រដាងនូវចំណុចខ្សោយមានស្រាប់ក្នុងប្រព័ន្ធស្បៀងអាហារដែលបណ្ដាលមកពីការផ្លាស់ប្តូរអាកាសធាតុ និងភាពខុសគ្នានៃប្រព័ន្ធសុខាភិបាល។
របាយការណ៍ដដែលបានរកឃើញថាប្រទេសអ្នកក្រមានប្រជាពលរដ្ឋមិនគ្រប់គីឡូរហូតដល់១០ដងច្រើនជាងពលរដ្ឋរស់នៅក្នុងប្រទេសអ្នកមាន។ ចំណែកអ្នកមានជំងឺធាត់កើតមាននៅប្រទេសអ្នកមានវិញក៏មានច្រើនរហូតដល់ទៅប្រាំដងបើធៀបទៅនឹងប្រជាជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ការចំណាយទៅលើការព្យាបាលជំងឺធាត់គឺមានចំនួនច្រើនដែលគិតថាស្មើនឹង ១,២ ទ្រីលានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ ដោយសហរដ្ឋអាមេរិកជាប្រទេសដែលចំណាយច្រើនជាងគេ។
អ្នកជំនាញផ្នែកអាកាសធាតុនៅវិទ្យាស្ថាន Nasa Goddard លោកស្រី Cynthia Rosenzweig បានលើកឡើងថានេះទាមទារឲ្យគ្រប់បណ្ដាប្រទេស និងអង្គការអន្តរជាតិផ្សេងៗចូលរួមធ្វើការកែប្រែប្រព័ន្ធស្បៀងអាហាររបស់ខ្លួនឡើងវិញ។ កង្វះអាហារូបត្ថម្ភគឺជាការគំរាមកំហែងដ៏ខ្លាំងមួយ ហើយមនុស្សដែលខ្វះអាហារូបត្ថម្ភច្រើនតែមានប្រព័ន្ធភាពស៊ាំខ្សោយ និងត្រូវបានគេមើលរំលង។ អ្នកស្រីក៏បានទទូចឲ្យរដ្ឋាភិបាលឲ្យចាប់យកឱកាសនេះដើម្បីកែតម្រូវប្រព័ន្ធស្បៀងអាហារ និងសុខាភិបាលឲ្យមានសមភាព និងនិរន្តរភាពអំឡុងពេលជំងឺ COVID-19 រាតត្បាតនេះ។
លោក Venkatesh Mannar ទីប្រឹក្សាពិសេសផ្នែកអាហារូបត្ថម្ភឲ្យ Tata Trusts និងវិទ្យាស្ថានកសិកម្ម និងអាហារូបត្ថម្ភ Tata-Cornell បាននិយាយថារបបអាហារមិនត្រឹមត្រូវ និងកង្វះអាហារូបត្ថម្ភមិនមែនជាជម្រើសរបស់បុគ្គលម្នាក់ៗទេ។ មនុស្សភាគច្រើនគឺមិនមានលទ្ធភាពក្នុងការជ្រើសរើសរបបអាហារដែលល្អព្រោះតែវិសមភាពនៃប្រព័ន្ធស្បៀងអាហារ។ អ្នកទាំងនោះមិនមានលទ្ធភាពទទួលបានអាហារមានសុខភាពល្អ។ នេះមកពីវិសមភាពរវាងខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់អាហារ និងអ្នកប្រើប្រាស់។ វិបត្តិនេះបានបង្ហាញពីភាពចាំបាច់ក្នុងការយកចិត្តទុកដាក់លើកង្វះអាហារូបត្ថម្ភគ្រប់រូបភាព ហើយគេជឿថាបញ្ហានេះអាចដោះស្រាយបានជាមួយនឹងការទប់ស្កាត់ជំងឺរាតត្បាត។
អត្ថបទពាក់ព័ន្ធ៖
- អាមេរិកផ្អាកផ្ដល់ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19
- វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ
- កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
- ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?
- WHO៖ ប្រទេសក្រីក្រអត្រាព្យាបាលជំងឺមហារីកកុមារជាសះស្បើយត្រឹម២០ភាគរយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]