រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានព្រមានពលរដ្ឋមិនឲ្យប្រើប្រាស់ផលិតផលទឹកលាងសម្អាតដៃរបស់ក្រុមហ៊ុនម៉ិចស៊ីកូមួយ ដោយថាទឹកលាងដៃនោះមានសារធាតុពុលមេតាណុល (Methanol) ដែលបង្កគ្រោះថ្នាក់នៅពេលចូលទៅក្នុងស្បែក ឬពេលលេបចូលក្នុងពោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ FDA ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ការព្រមាននេះអនុវត្តចំពោះផលិតផល ៩របស់ក្រុមហ៊ុន Eskbiochem មានឈ្មោះថា ទឹកលាងដៃ All-clean ទឹកលាងដៃ Esk Biochem ទឹកលាងដៃ Cleancare Nogerm ទឹកលាងដៃ Lavar 70 ទឹកលាងដៃ The Good Gel Antibacterial ទឹកលាងដៃ Saniderm ទឹកលាងដៃ CleanCare NoGerm បីប្រភេទផ្សេងទៀត។ គេរកឃើញមានមេតាណុលក្នុងសំណាកដែលយកពីផលិតផលជាច្រើនរបស់ក្រុមហ៊ុន។
ការប៉ះពាល់នឹងមេតាណុលអាចបង្កឲ្យមានអាការៈចង្អោរ ក្អួត ឈឺក្បាល ស្រវាំងភ្នែក ពិការភ្នែក ប្រកាច់ សន្លប់ ការខូចខាតទៅលើប្រព័ន្ធសរសៃប្រសាទ ឬអាចស្លាប់បាន។ អ្នកប្រើប្រាស់មានហានិភ័យពុលមេតាណុលប្រសិនជាពួកគេប្រើសារធាតុនេះនៅលើដៃរបស់ពួកគេ ប៉ុន្តែហានិភ័យនេះកាន់តែខ្ពស់នៅពេលមនុស្សលេបមេតាណុលចូលដោយចៃដន្យ (ពេលកូនក្មេងផឹកមេតាណុល) ឬដោយចេតនាណាមួយ (ក្នុងករណីមនុស្សពេញវ័យផឹកជំនួសគ្រឿងស្រវឹង)។
FDA បញ្ជាក់ថាអ្នកមានផលិតផលទាំងនេះគួរឈប់ប្រើ ហើយសម្រាប់អ្នកដែលប្រើប្រាស់ផលិតផលនេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីកម្ចាត់ឥទ្ធិពលជាតិពុលរបស់មេតាណុល។ ភ្នាក់ងាររបស់ FDA បានសំណូមពរឲ្យក្រុមហ៊ុន Eskbiochem យកផលិតផលរបស់ខ្លួនចេញពីទីផ្សារ ប៉ុន្តែខាងក្រុមហ៊ុននៅមិនទាន់មានសកម្មភាពអ្វីទេ។ មកទល់ពេលនេះ FDA មិនទាន់ទទួលបានរបាយការណ៍ថាមានជំងឺទាក់ទងនឹងផលិតផលនេះនៅឡើយដែរ។
[embed-health-tool-bmi]