រូបភាព៖ ដើមរាំង
រសៀលថ្ងៃទី ៣ សីហានេះ មានករណីបុរស២នាក់រត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តព្រែវែង ហើយអាជ្ញាធរបានរកឃើញវិញនៅយប់ថ្ងៃដដែល។ ចំពោះមូលហេតុដែលនាំឲ្យបុរសទាំង២ខាងលើ រត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័ក កម្រិត២ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ទៅផ្ទះនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បានសាកសួរលម្អិតនៅឡើយ ដោយហេតុថា ពេលរកឃើញបុរសទាំង២នាក់នោះយប់ពេក ហើយសមត្ថកិច្ចនឹងសួរនាំនៅថ្ងៃនេះ។
នេះជាលើកទី២ហើយ ដែលមានករណីរត់ចេញពីមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានស្ត្រីម្នាក់រត់ចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ ទៅដល់ខេត្តកំពង់ចាម តើអ្វីទៅជាមូលហេតុនាំឲ្យអ្នកទាំងនោះ រត់ចេញពីមណ្ឌលចត្តាឡីស័ក?
ឆ្លើយនឹងសំណួរបស់ពិធីករ BTV ខាងលើ លោកជំទាវថា តាមពិតទៅយើងកំពុងតែសាកសួរពីមូលហេតុច្បាស់លាស់ នៃករណីរត់គេចនីមួយៗ ដូចជាស្ត្រីខ្មែរ-អាមេរិកកាំងឈ្មោះ Vira Rose រត់ចេញពីមណ្ឌលចត្តាឡីស័ក ដោយសារតែទី១ លទ្ធផលតេស្តអវិជ្ជមាន ទី២ ចង់ទៅជួបជុំក្រុមគ្រួសារ ទី៣ ចិត្តមិនចង់នៅមណ្ឌលចត្តាឡីស័ក។ តែទោះយ៉ាងណា លោកជំទាវថា ករណីទាំងអស់នេះ ជាការមិនគោរពទៅតាមវិធានការសុខភិបាល ហើយក៏ពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់សាមីខ្លួន ដែលមិនយល់ច្បាស់ពីតម្រូវការនៃការធ្វើចត្តាឡីស័ក។
ចំពោះកត្តាមួយទៀត គឺផ្លូវចិត្ត ដែលអង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា បញ្ហា COVID-19 នេះមានការប៉ះពាល់លើបញ្ហាផ្លូវចិត្តបុគ្គល ដែលមានគ្រប់សណ្ឋាន មានទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល សុខភាពផ្លូវចិត្តសម្រាប់អ្នកធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ហើយក៏មានជះឥទ្ធិពលសុខភាពផ្លូវចិត្តទៅដល់ប្រជាពលរដ្ឋទូទៅ និងគ្រូពេទ្យ។
ឯការស្នាក់នៅមណ្ឌលចត្តាឡីស័ក លោកជំទាវអះអាងថា រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខ្ពស់ខ្លាំងណាស់ ដោយចាត់ចែងរៀបចំឲ្យមានកន្លែងត្រឹមត្រូវ ហើយក៏មានការផ្តល់នូវម្ហូបអាហារ ៣ពេល/ថ្ងៃ ដោយមិនមានការបង់ប្រាក់នោះទេ លើកលែងតែបុគ្គលនោះចង់ទៅស្នាក់នៅសណ្ឋាគារ។
ចំពោះការលើកឡើងដែរថា ការយាមកាមនៅមណ្ឌលចត្តាឡីស័កមានភាពធូរលុង ទើបបានជាមានករណីរត់គេចបែបនេះ លោកជំទាវថា ការងារគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនេះគឺជាការអន្តរវិស័យ មិនមែនជាបន្ទុករបស់ផ្នែកខាងណាមួយនោះទេ ដោយមានការសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងនោះលោកជំទាវថា ក្រុមការងារបានចាត់ចែងឲ្យមានការយាមកាមហើយ ប៉ុន្តែការរត់ចេញនេះ កាលណាបុគ្គលមានបំណងរត់ចេញហើយ នឹងរកវិធីក្នុងការរត់ចេញឲ្យបានមិនខាន។ តែទោះជាបែបនេះក្តី លោកជំទាវក៏បានស្នើសុំឲ្យសមត្ថកិច្ចបង្កើនយាមកាមឲ្យតឹងរឹងបន្ថែមទៀត ដើម្បីចៀសវាងនូវការរត់ចេញពីមណ្ឌលចត្តាឡីស័ក។
[embed-health-tool-bmi]