រូបភាព៖ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី៨ ខែសីហានេះ មានករណីបុរសអាយុ ២៩ឆ្នាំម្នាក់ លាប់ពីជំងឺ COVID-19 វិញ បន្ទាប់ពីទទួលបានការព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ។ បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តាមទូរស័ព្ទ នៅថ្ងៃទី១១ ខែសីហានេះ ក្រោយត្រលប់ទៅផ្ទះបុរសរូបនេះបានប៉ះពាល់ជាមួយ មនុស្សសរុបចំនួន ៤៧នាក់ ក្នុងនោះមានអ្នកប៉ះពាល់ផ្ទាល់ ៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោលមានចំនួន ៣៨នាក់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានឲ្យដឹងទៀតថា មកដល់ពេលនេះ អ្នកដែលបានប៉ះពាល់ជាមួយបុរសខាងលើទាំងប៉ុន្មានត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងត្រូវបានប្រមូលយកសំណាកយកទៅពិនិត្យអស់ហើយ ប៉ុន្តែមិនមានចេញលទ្ធផលវិជ្ជមាន ដែលគួរឲ្យព្រួយបារម្ភនោះទេ។
សូមបញ្ជាក់ផងដែរ បុរស អាយុ២៩ឆ្នាំ ដែលលាប់ជំងឺ COVID-19 ឡើងវិញនេះ ជាអ្នកត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា។ បានក្រោយពីទទួលលទ្ធផលអវិជ្ជមាន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី ២៧-២៨ ខែកក្កដា ឆ្នាំ២០២០នេះ ហើយត្រូវបានរកឃើញថាលាប់ឡើងវិញ ប្រហែលជា២សប្ដាហ៍ក្រោយចេញពីពេទ្យ។
[embed-health-tool-bmi]