ក្រសួងបានប្រកាសឲ្យដឹងនៅព្រឹកនេះថា មានអ្នកឆ្លង COVID-19 ២ ករណីទៀតហើយ ដែលសុទ្ធសឹងជាបរទេស ហើយក៏មានអ្នកជាសះស្បើយ ២ នាក់បន្ថែមទៀតដូចគ្នា។
សម្រាប់អ្នកឆ្លងថ្មីនៅថ្ងៃនេះគឺជាបុរសទាំងអស់ ១ នាក់ជនជាតិឥណ្ឌាអាយុ ៣៣ ឆ្នាំ ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ឯ ១ នាក់ទៀតជាជនជាតិបាគីស្ថានអាយុ ៣៥ ឆ្នាំស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូង រួចមកដល់កម្ពុជាកាលពីថ្ងៃ ០៥ វិច្ឆិកា ឆ្នាំ ២០២០។
ចំណែកអ្នកដំណើរតាមជើងហោះហើរ ១០៥ នាក់ទៀតក្រសួងក៏បានយកសំណាកទៅធ្វើតេស្ត ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ និងបន្តឲ្យធ្វើចត្តាឡីស័កតាមមណ្ឌល។
ចំពោះអ្នកជាសះស្បើយវិញមានស្ត្រីខ្មែរអាយុ ៣២ ឆ្នាំស្នាក់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំ ស្នាក់នៅស្រុកបាកាន ខេត្តពោធិសាត់ អ្នកទាំង ២ បានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៩៤ នាក់ (ស្ត្រី៦០នាក់ និងបុរស ២៣៤ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨៨ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៦ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៤ និងស្ត្រី ២ នាក់។
[embed-health-tool-bmi]