មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្តចេញទៅក្រៅជាបណ្ដោះអាសន្ន ព្រោះជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្តចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមាន COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និងចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺ COVID-19 និងដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលធ្ងន់ធ្ងរឆ្លងចូលក្នុងសហគមន៍ ទើបរដ្ឋបាលខេត្តសៀមរាប មន្ទីរធម្មការ និងសាសនាខេត្ត សុំផ្អាកព្រះសង្ឃទាំង ២៦ អង្គ រយៈពេល ១៤ ថ្ងៃ មិនឲ្យនិមន្តចេញក្រៅ រង់ចាំមានការណែនាំជាថ្មី បើទោះបីជាបច្ចុប្បន្ននេះ ព្រះសង្ឃគ្រប់អង្គមិនមានឆ្លង COVID-19 នេះក៏ដោយ ក៏ត្រូវអនុវត្តតាមវិធានការនៃការធ្វើចត្តាឡីស័កនៅមួយកន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ ។
ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង បានសំណូមពរដល់ព្រះសង្ឃនៅតាមវត្តអារាមនានា មិនគួរអនុញ្ញាតឲ្យ ភិក្ខុ សាមណេរ និមន្ដចេញក្រៅ ក្នុងករណីមិនចាំបាច់ ហើយក៏ត្រូវរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព ត្រូវមានឧបករណ៍វាស់កម្ដៅ មានសាប៊ូ ជេល ឬអាល់កុលសម្រាប់លាងសម្អាតដៃ ត្រូវពាក់ម៉ាស ក្រម៉ា និងត្រូវរក្សាគម្លាតបុគ្គល យ៉ាងតិចឱ្យបាន១ម៉ែត្រកន្លះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៩ – ៣០ ខែវិច្ឆិកា និងថ្ងៃទី ០១ ខែធ្នូ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែលបានយកសំណាកមកធ្វើតេស្ដរកមេរោគ COVID-19 ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។
[embed-health-tool-bmi]