ពេលយើងត្រូវឆ្កែខាំ ឬសត្វដែលមានផ្ទុកវីរុសឆ្កែឆ្កួតខាំ ខ្វាច ឬក្រញៅ យើងមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាឆ្លងវីរុសឆ្កែឆ្កួត អាចគ្រោះថ្នាក់ដល់់ជីវិត បើមិនបានព្យាបាលទាន់ពេល។ ស្របគ្នានេះដែរ មានគ្នាយើងមួយចំនួន ធ្លាប់បានចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតរួចរាល់ហើយ តែបើមានឆ្កែខាំក្រោយពេលចាក់ យើងគួរតែចាក់បន្ថែមការពារទៀត ឬយ៉ាងណា?
ពាក់ព័ន្ធនឹងរឿងឆ្កែខាំក្រោយចាក់វ៉ាក់សាំងបានយូរវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ប្រសិនបើយើងធ្លាប់ចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតយូរឆ្នាំមកហើយ តែបែរជាត្រូវសត្វមានផ្ទុកវីរុសឆ្កែឆ្កួតមកខាំ ខ្វាច ឬក្រញៅវិញ យើងចាំបាច់ត្រូវចាក់រំលឹកឡើងវិញ។
លោកបន្តថា អ្នកជំងឺត្រូវតែចាក់វ៉ាក់សាំងរំលឹក ដើម្បីការពារខ្លួនពីជំងឺឆ្កែឆ្កួត ចៀសវាងមានបញ្ហាជាយថាហេតុណាមួយ។ ដូចគ្នានេះ មិនមែនមានតែសត្វឆ្កែតែមួយទេដែលអាចចម្លងជំងឺឆ្កែឆ្កួតទៅឲ្យមនុស្សយើងបាន វីរុសនេះអាចចម្លងមកយើងដោយសត្វផ្សេងទៀតដូចជា៖
- ឆ្មា
- ស្វា
- ប្រជៀវ
- សំពោច
- ឆ្កែព្រៃ។ល។
ក្រោយពេលខាំហើយ វីរុសឆ្កែឆ្កួតនឹងធ្វើដំណើរពីកន្លែងខាំ ឆ្ពោះទៅបង្ករោគនៅខួរក្បាល ដែលបណ្ដាលឲ្យរលាកខួរក្បាល ហើយបើចេញសញ្ញាឆ្កែឆ្កួតវាអាចហួសពេលនឹងជួយសង្គ្រោះអ្នកជំងឺ។ បើតាមទិន្នន័យពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប៉ាន់ប្រមាណថា ក្នុង១ឆ្នាំៗ មានកុមារ និងមនុស្សធំស្លាប់ដោយជំងឺឆ្កែឆ្កួតជាង ៨០០ នាក់។
បន្ថែមពីលើនេះ ក្រោយពេលឆ្កែ ឬឆ្មាខាំហើយ យើងមិនត្រូវដេរ ឬរុំបិទមុខរបួសដែលឆ្កែខាំនោះទេ។ យើងត្រូវដឹងពីរបៀបថែមុខក្រោយឆ្កែខាំដូចជា លាងដៃនឹងសាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាងមុខរបួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬបេតាឌីន ដើម្បីសម្អាតមុខរបួស និង ត្រូវប្រញាប់ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងថ្នាំផ្សេងទៀតដែលចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ។
[embed-health-tool-bmi]