ប្រទេសថៃ ត្រៀមសាកល្បងប្រើដើមកញ្ឆា ផលិតជាថ្នាំវេជ្ជសាស្រ្ត ដើម្បីព្យាបាលអ្នកជំងឺ ដោយរំពឹងនឹងចាប់ផ្តើមដំណើរការ នាដើមខែកក្កដា ខាងមុខនេះ។
លោក ណុនថាកាន សូវាន់ភីដូគុល ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍឱសថកម្មសាស្រ្តនៃរដ្ឋាភិបាលថៃ បានឲ្យដឹងថា ដំណើរការសាកល្បងប្រេងចម្រាញ់ពីរុក្ខជាតិកញ្ជា នៅក្នុងទម្រង់ជាតំណក់ថ្នាំ (Sublingual Drops) នឹងត្រូវប្រើលើអ្នកជំងឺអាការៈឈឺចាប់ផ្សេងៗ និងពិបាកព្យាបាលដោយថ្នាំ។
ការស្រាវជ្រាវពាក់ព័ន្ធ ប្រភេទប្រេងកញ្ឆាខាងលើ បានបង្ហាញថា វាអាចទប់ស្កាត់មិនឲ្យមានការបំបែកសារធាតុគីមីក្នុងខួរក្បាល អាចប្រាប់ឲ្យដឹងពីការឈឺចាប់ អារម្មណ៍ និងមុខងាររបស់សតិបញ្ញា។ ពេលទប់ការបំបែកសារធាតុគីមីក្នុងខួរក្បាល នាំឲ្យសារធាតុទាំងនោះកើនឡើងខ្ពស់ក្នុងឈាម បន្ថយរោគសញ្ញាផ្លូវចិត្តទាក់ទងជំងឺមួយចំនួន ដូចជា ជំងឺវិកលចរិត (Schizophrenia) ថប់បារម្ភ (Anxiety) ក៏ដូចជាជំងឺកន្ត្រាក់សាច់ដុំខុសប្រក្រតី (Dystonia) ផងដែរ។
ទោះជាយ៉ាងណា ការប្រើប្រាស់ប្រភេទថ្នាំខាងលើចំពោះអ្នកជំងឺ នឹងត្រូវឆ្លងកាត់ការពិនិត្យ និងប្រើប្រាស់ចំពោះតែអ្នកជំងឺដែលបានជ្រើសរើសក្នុងបញ្ជីប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីមន្រ្តីផ្នែកសុខភិបាលខាងលើ។
គួរបញ្ជាក់ថា ថៃជាប្រទេសទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើសារធាតុពីកញ្ជានៅក្នុងវិស័យវេជ្ជសាស្រ្ត យ៉ាងណាមិញ ការប្រើប្រាស់សារធាតុកញ្ជាក្រៅពីវិស័យនេះ ត្រូវបានច្បាប់ហាមឃាត់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]