អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីផលវិបាកលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការអប់រំ និងអាជីព បណ្ដាលមកពីការបាត់បង់សោតវិញ្ញាណ។ អង្គការនេះ បានណែនាំឲ្យបន្ថយសំឡេងចំពោះឧបករណ៍ស្ដាប់សំឡេងនានា ប្រើប្រាស់កាសកាត់បន្ថយសំឡេងមិនចាំបាច់ និងពាក់កាស នៅពេលទៅកន្លែងមានសំឡេងខ្លាំង។
ទិន្នន័យពីអង្គការសុខភាពពិភពលោក បានបង្ហាញថា ជិត ៥០% នៃក្មេងជំទង់ និងមនុស្សពេញវ័យ ពី ១២-៣៥ ឆ្នាំ បានរងការប៉ះពាល់ទៅនឹងកម្រិតមិនមានសុវត្ថិភាពនៃសំឡេងចេញពីឧបករណ៍ស្ដាប់ផ្ទាល់ខ្លួន។ ចំណែក ៤០% បានរងការប៉ះពាល់កម្រិតសំឡេងនៅតាមទីតាំងកម្សាន្ដនានា នាំឲ្យខូតខាតសោតវិញ្ញាណ។ កត្ដាទាំងនេះ អាចឈានទៅការបំផ្លាញកោសិកាស្ដាប់ ធ្វើឲ្យយើងថ្លង់រៀងរហូត។
ការបាត់បង់សរសៃប្រសាទសោតវិញ្ញាណ ជាបញ្ហាសុខភាពមួយ ដោយសារបានប៉ះពាល់កម្រិតសំឡេងមិនមានសុវត្ថិភាព។ នេះបើតាមលោក Pan Tao អ្នកជំនាញផ្នែកសោតនៃសាកលវិទ្យាល័យ Peking ក្នុងក្រុងប៉េកាំង ប្រទេសចិន។ នាយកដ្ឋានលោក បានទទួលអ្នកជំងឺកាន់តែច្រើនឡើង ជាមួយពិការភាពផ្នែកត្រចៀក ក្នុងនោះរួមមានក្មេងជំទង់ជាច្រើនផងដែរ។
លោក Pan Tao បន្ថែមថា “អ្នកបាត់បង់ការសា្ដប់ដំណាក់ដំបូង (Mild Hearing Loss) ជាធម្មតា អាចធ្វើការទំនាក់ទំនងប្រចាំថ្ងៃដោយគ្មានបញ្ហានោះទេ ប៉ុន្ដែការបំផ្លាញ អាចនឹងមិនត្រលប់មកដូចដើមនោះទេ បើមិនបានព្យាបាលត្រឹមត្រូវ ក្នុងរយៈពេល ២-៣ ខែ ដំបូង“។
[embed-health-tool-bmi]