ករណីស្លាប់ដោយថ្នាំបំបាត់ការឈឺចាប់ ហ្វង់តានីល (Fentanyl) ដែលផលិតចេញពីអាភៀន បានកើនឡើងជាង ១០០០% នៅអាមេរិក គិតចាប់ពីឆ្នាំ២០១១-២០១៦។ នេះបើតាមរបាយការណ៍ទើបចេញផ្សាយរបស់មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខាភិបាល ចេញផ្សាយដោយសារព័ត៌មាន CNN។
ចំនួនអ្នកស្លាប់ពាក់ព័ន្ធថ្នាំហ្វង់តានីល មានអាត្រាថេរ នៅឆ្នាំ២០១១ និងឆ្នាំ ២០១២ ប្រមាណ ១.៦០០នាក់។ ក្នុងឆ្នាំ ២០១៣ ចំនួនអ្នកស្លាប់ កើនឡើងជាង ១.៩០០នាក់ និងកើនឡើងទ្វេដងក្នុងឆ្នាំ ២០១៤ ដោយអ្នកស្លាប់មានរហូតដល់ ៤.២២៣នាក់ ហើយឆ្នាំ ២០១៥ កើនដល់ ៨.២៥១នាក់ ខណៈឆ្នាំ២០១៦ ហក់ឡើងដល់ ១៨.៣៣៥នាក់។
អ្នកស្រាវជ្រាវជាច្រើននៃមជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខាភិបាល បានរកឃើញថា បុរស និងស្រ្ដី មានអាត្រាប្រហាក់ប្រហែលគ្នានៃការស្លាប់ចន្លោះឆ្នាំ ២០១១-២០១៣។ ប៉ុន្ដែចាប់ពីឆ្នាំ ២០១៣-២០១៦ អាត្រាស្លាប់លើបុរស ដោយសារប្រើថ្នាំហ្វង់តានីល លើសកម្រិត មានចំនួនខ្ពស់ជាង ៣ ដងនៃករណីស្លាប់លើស្ត្រី។
អាត្រាអ្នកស្លាប់ច្រើនជាងគេ ដោយសារថ្នាំហ្វង់តានីល បានកើតឡើងក្នុងចំណោមមនុស្សពេញវ័យអាយុពី ១៥-៣៤ ឆ្នាំ។ អាត្រាអ្នកស្លាប់ពីអាយុ ១៥-២៤ឆ្នាំ បានកើនឡើង ៩៤% ខណៈអាត្រាអ្នកស្លាប់ពីអាយុ ២៥-៣៤ ឆ្នាំ បានកើនឡើងប្រមាណ ១០០% ជារៀងរាល់ឆ្នាំ។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខាភិបាល ចេញផ្សាយកាលពីចុងឆ្នាំ ២០១៨ រកឃើញថា ថ្នាំហ្វង់តានីល ជាថ្នាំមានជាប់ពាក់ព័ន្ធច្រើនជាងគេ។ នៅឆ្នាំ ២០១៦ ថ្នាំនេះ មានចំណែកជិត ២៩% នៃការស្លាប់ដោយប្រើថ្នាំលើសកម្រិត ធ្វើឲ្យវាក្លាយជាថ្នាំសម្លាប់មនុស្សច្រើនជាងគេ នៅអាមេរិក។
ពលរដ្ឋអាមេរិក បច្ចុប្បន្ន ទំនងជាស្លាប់ដោយសារប្រើប្រាស់ថ្នាំលើសកម្រិត ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ទៅទៀត។ នៅឆ្នាំ ២០១៧ ករណីប្រើប្រាស់ថ្នាំលើសកម្រិត បានសម្លាប់ពលរដ្ឋអាមេរិក ប្រមាណ ៧០.០០០នាក់ ហើយអាភៀន ជាចលករនាំមុខគេ នៅក្នុងការស្លាប់នេះ។ អាភៀន សារធាតុញៀន មានក្នុងថ្នាំហ្វង់តានីល ក៏ដូចជា ថ្នាំបំបាត់ការឈឺចាប់មួយចំនួនទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]