ថ្នាំគ្រាប់ពន្យារកំណើតពេញនិយមជាងគេក្នុងចំណោមស្រីៗ ម្លោះហើយ ក្នុងការរស់នៅប្រចាំថ្ងៃ គេតែងតែឮការលើកឡើងមួយចំនួនអំពីថ្នាំពន្យារកំណើត។ ថ្ងៃនេះ Hello គ្រូពេទ្យនឹងស្រាយចម្ងល់អំពីការលើកឡើងទាំងនោះជាមួយលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
សំណួរ ទី១៖ លោកស្រីវេជ្ជបណ្ឌិត មានការលើកឡើងថា ការប្រើថ្នាំគ្រាប់ពន្យារកំណើតអាចឲ្យស្រីៗយើងធ្វើទុក្ខ អ្នកខ្លះធ្លាក់ឈាមមិនឈប់ ស្គមរីងរៃ ឬធាត់ជ្រុល តើពិតទេ?
ចម្លើយ៖ មិនពិតនោះទេ ស្រីៗមួយចំនួនពេលលេបថ្នាំពន្យារកំណើតអាចមានផលរំខានមួយចំនួនមែន តែមិនប៉ះពាល់ដល់សុខភាពទេ ហើយវានឹងបាត់ទៅវិញក្រោយពេលប្រើបានមួយរយៈខ្លី។ ការធ្វើទុក្ខដូចជាធ្លាក់ឈាមខ្លាំង ធ្វើឲ្យរាងកាយស្គមរីងរៃ ឬធាត់ជ្រុលអាចបណ្តាលមកពីបញ្ហាសុខភាពរបស់ស្រីៗយើងច្រើនជាង ឯករណីខ្លះទៀតបណ្តាលមកពីស្រីៗលេបថ្នាំមិនបានទៀងទាត់់ជារៀងរាល់ថ្ងៃ ដោយអ្នកខ្លះភ្លេចលេប ១ថ្ងៃ ២ថ្ងៃ នោះបញ្ហាក៏កើតមាន។
សំណួរ ទី២៖ ស្រដៀងគ្នានឹងសំណួរទី១ គេថា ស្រីៗដែលលេបថ្នាំ ឬចាក់ពន្យារកំណើតយូរទៅ អាចធ្វើឲ្យរដូវមកមិនទៀង ឬអត់រដូវតែម្តង?
ចម្លើយ៖ មុននឹងដាក់ឲ្យប្រើប្រាស់នូវមធ្យោបាយពន្យារកំណើតណាមួយ គេបានសិក្សាច្បាស់លាស់ អំពីគុណប្រយោជន៍របស់វា ដូចគ្នានេះដែរមធ្យោបាយពន្យារកំណើតមិនមែនជាមូលហេតុនៃការធ្វើឲ្យរាំងរដូវនោះទេ បញ្ហានេះមកពីសុខភាពរបស់ស្រីៗខ្លួនឯង ឬក៏គាត់សម្រេចជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយ ដោយមិនបានពិនិត្យសុខភាព ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
សំណួរ ទី៣៖ តើអាចទេ ប្រើថ្នាំពន្យារកំណើតយូរពេក អត់កូន?
ចម្លើយ៖ ជាទស្សនៈយល់ច្រឡំទាំងស្រុង ថ្នាំគ្រាប់ពន្យារកំណើតប្រភេទណាក៏ដោយ ផលិតឡើងក្នុងបំណងដើម្បីតែពន្យារកំណើតប៉ុណ្ណោះ មិនមែនបញ្ឈប់កំណើតដូចជាការចងបំពង់មេជីវិតឈ្មោល ឬចងដៃស្បូននោះទេ។ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក នៅពេលដែលយើងឈប់លេប ឈប់ចាក់ ឬដកចេញពីស្បែក នោះនឹងមានកូនធម្មតាវិញ។
សំណួរ ទី៤៖ ស្រីមួយចំនួនយកថ្នាំពន្យារកំណើតទៅព្យាបាលមុន តើថ្នាំពន្យារកំណើតពិតជាអាចព្យាបាលមុនជាមែនទេ លោកស្រីវេជ្ជបណ្ឌិត?
ចម្លើយ៖ គោលបំណងសំខាន់បំផុត ថ្នាំគ្រាប់ពន្យារកំណើតផលិតឡើងដើម្បីការពារការមានផ្ទៃពោះប៉ុណ្ណោះ ដូច្នេះគេមិនអាចយកថ្នាំពន្យារកំណើតទៅព្យាបាលមុននោះទេ។ ការលើកឡើងថា ថ្នាំពន្យារកំណើតអាចព្យាបាលមុននេះ អាចជាផលប្រយោជន៍បន្ទាប់បន្សំប៉ុណ្ណោះ ព្រោះថ្នាំពន្យារកំណើតផលិតឡើងពីអ័រម៉ូន ហើយក្នុងករណីដែលអ័រម៉ូននោះត្រូវជាមួយអ័រម៉ូនស្រីៗដែលប្រើ ពិសេសស្រីៗវ័យក្មេង នាំឲ្យមុខលែងសូវមានមុន ស្បែកស្អាត ដូច្នេះហើយទើបមានការយល់ច្រឡំបែបនេះ។
អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយពន្យារកំណើតមានច្រើន មកដឹងពីប្រសិទ្ធភាពតាមប្រភេទនីមួយៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]