ឃើញសត្វចិញ្ចឹម ពិតជាស្រលាញ់តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ប៉ុន្តែដឹងទេថា លាមករបស់វាអាចបង្កឲ្យយើងជាម្ចាស់ ទៅជារលាកពោះវៀនកម្រិតធ្ងន់ផងដែរ នេះបើតាមការសិក្សាថ្មីមួយ។
ការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ East Tennessee State សហរដ្ឋអាមេរិក បានពិនិត្យទៅលើទិន្នន័យអ្នកជំងឺប្រមាណ ២៨០០នាក់ ធ្លាប់មានប្រវត្តិពាក់ព័ន្ធស្និទ្ធទៅនឹងសត្វចិញ្ចឹម( មិនថា ឆ្កែ ឆ្មា បក្សី) ហើយបានរកឃើញថា អត្រាវិវឌ្ឍជារោគរលាកពោះវៀន ១.២៦% បើធៀបនឹងអ្នកពុំសូវនៅជាប់សត្វចិញ្ចឹមពេក។
ក្រុមអ្នកស្រាវជ្រាវនៃ សាកលវិទ្យាល័យខាងលើ បានបង្ហាញមូលហេតុឲ្យដឹងថា នៅពេលដែលមានសត្វចិញ្ចឹមនៅផ្ទះ នោះម្ចាស់សត្វចិញ្ចឹមនឹងត្រូវស្វាគមន៍រោម សត្វល្អិត សត្វចៃ និងអតិសុខុមប្រាណផងដែរ។ បន្ទាប់មកទៀត ម្ចាស់សត្វចិញ្ចឹមក៏ត្រូវ ចំណាយពេលមួយចំនួនដើម្បីសម្អាតលាមកសត្វចិញ្ចឹមរបស់ខ្លួន។
អ្នកស្រាវជ្រាវបង្ហាញទៀតថា ត្រឹមលាមកសត្វសុនខ១ក្បាល អាចផ្ទុកដោយបាក់តេរី និងអតិសុខុមប្រាណរាប់លាន ហើយនៅពេលម្ចាស់ឱនស្រូប អតិសុខុមប្រាណ និងបាក់តេរីបង្ករោគទាំងនោះ នឹងចូលតាមផ្លូវដង្ហើម និងវិវឌ្ឍបង្កជាហានិភ័យនៃដំណើររលាកពោះវៀនធំ ហើយវាបង្កឲ្យមនុស្សឈឺតាមអាការៈ រាគរូស ដើរខ្យល់ច្រើន ឈឺរមួលសាច់ដុំ ហើមពោះ។ ចំពោះការលើកបង្ហាញនេះ អ្នកស្រាវជ្រាវបានធ្វើការប្រៀបធៀបពីបម្រែបម្រួលអតិសុខុមប្រាណក្នុងខ្លួនមនុស្ស ក្រោយពេលពួកគេទាំងនោះបានប៉ះពាល់ជិតទៅនឹងលាមកសត្វចិញ្ចឹម។
អត្ថបទពាក់ព័ន្ធ៖
- ស្រលាញ់ក៏ស្រលាញ់ទៅ តែប្រយ័ត្នឆ្លងរោគកាចៗសាហាវពីសត្វចិញ្ចឹម
- ឱបថើបឆ្កែឆ្មា អាចឆ្លងបាក់តេរី គ្រោះថ្នាក់ដល់ជីវិត
ជាមួយបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ពួកគេទទួលស្គាល់ថា ការចិញ្ចឹមសត្វពិតជារួមចំណែកគុណភាព និងបែបផែនជីវិតរបស់ម្ចាស់សត្វពិតមែន ប៉ុន្តែអ្នកចិញ្ចឹមសត្វទាំងឡាយក៏គួរស្វែងយល់ពីគុណវិបត្តិនេះ និងចេះបង្ការវាបាន។ ដោយឡែក ការស្រាវជ្រាវ ក្រុមអ្នកសិក្សាខាងលើ ក៏កំពុងបន្តស្រាវជ្រាវលម្អិតពីរឿងខាងនេះលើបន្តផងដែរ ដើម្បីបញ្ជាក់ថាតើ លាមកនៃសត្វចញ្ចឹមណាខ្លះ ដែលបង្ករោគរលាកពោះវៀនដល់មនុស្សខ្លាំងជាងគេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]