ចំអន់ ឬបង្អាប់លេង អាចជារឿងលេងសើច តែវាបែរជាអាចបង្កឲ្យជោគវាសនាមនុស្សមួយចំនួនឈានដល់គ្រោះថ្នាក់ទៅវិញ បើលេងសើចដោយមិនបានថ្លឹងថ្លែងពិចារណា។
តាមប្រភពទិន្នន័យពីការស្ទង់មតិស្រាវជ្រាវ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ការបង្អាប់ ឬចំអក មានច្រើនរូបភាព ច្រើនទម្រង់ ដូចជា ឆាឆៅលេង ដាក់ឈ្មោះហៅក្រៅ (រហស្សនាម) និយាយដើម បំភ័យ ឬសម្លុតលេង រើសអើង ឬមួយធ្វើឲ្យនរណាម្នាក់ខ្មាសគេ នៅកន្លែងមានមនុស្សច្រើនជាដើម ហើយការចំអន់លេងនេះ អាចធ្វើឡើងដោយផ្ទាល់ ឬការបង្ហោះលើអនឡាញ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
ត្រឹមការស្រាវជ្រាវ ១ ឆ្នាំពេញ ពីឆ្នាំ២០១៧-២០១៨ ទៅលើសិស្សសាលា នៅអាមេរិក បង្ហាញថា ៧នាក់ ក្នុងចំណោម ៥០នាក់ ជួបបញ្ហាចំអន់លេង និងរើសអើងពីសំណាក់មិត្តភក្តិ ភាគច្រើនការចំអន់។
ប៉ុន្តែបញ្ហាគួរឲ្យចាប់អារម្មណ៍ គឺក្រុមអ្នកជំនាញសុខភាពមកពីសមាគមវេជ្ជសាស្រ្តអាមេរិក បានវិភាគលើទិន្នន័យស្រាវជ្រាវនេះ រកឃើញថា សិស្សត្រូវបានគេសើចចំអក មានអត្រាទាក់ទងនឹងការជក់បារី ញ៉ាំស្រា ច្រើនជាងអ្នកមិនត្រូវបានគេចំអន់ច្រើន។ ហើយអត្រានេះកើតឡើងត្រឹមរយៈពេល ១២ខែ ពោលគឺអំឡុងពេលសិស្សទាំងនោះ ត្រូវគេបង្អាប់ ធ្វើបាប។
មិនតែប៉ុណ្ណោះ អ្នកជំនាញសុខភាពរកឃើញទៀតថា សិស្សត្រូវបានគេបង្អាប់ មានអត្រាបាក់ទឹកចិត្តកើន ១១% និងបាត់បង់ស្មារតីយកចិត្តទុកដាក់ប្រហែល ១២% បើធៀបនឹងសិស្សមិនទទួលការបង្អាប់។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមអ្នកជំនាញដដែល ក៏បានបន្ថែមទៀតថា តាមការតាមដានជាប្រចាំចំពោះករណីនេះ ត្រឹមតែការបណ្តុះបង្អាប់ សិស្សបានរងផលប៉ះពាល់ ដោយការគិតច្រើន ដំណេកមិនស្កប់ស្កល់ ការប្រលងរបស់ពួកគេ ហើយបើសិស្សទទួលការលេងសើចបែបនេះច្រើន ពិសេសពីមិត្តភក្តិអាយុប្រហែលគ្នា នឹងអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់បញ្ហាខួរក្បាល សតិបញ្ញា រងគ្រោះរយៈពេលវែងទៀតផង។
ផ្អែកតាមការសិក្សាលើទិន្នន័យនៅរដ្ឋដដែល កាលពីឆ្នាំ២០១៥ ក្មេងៗ និងយុវវ័យរងការបណ្តុះបង្អាប់ ឈានដល់ដំណើរធ្លាក់ទឹកចិត្ត ធ្វើបាបខ្លួនឯង (ទារុណកម្មដោយវត្ថុផ្សេងៗ) និងឈានដល់ការធ្វើអត្តឃាតខ្លួនឯងទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- អ្នកមានជំងឺផ្លូវចិត្តគ្រប់ប្រភេទ បណ្ដាលមកពីកត្តាទាំង៣នេះ
- របៀបដោះស្រាយ ពេលគេរិះគន់យើងម្ដងៗ
ដោយបញ្ហាខាងលើ ជាអាចឈានដល់កម្រិតធ្ងន់ធ្ងរ ក្រុមអ្នកស្រាវជ្រាវមកពីរដ្ឋខាងលើនេះ ក៏កំពុងស្វែងរកវិធានការមានប្រសិទ្ធភាពចំពោះបញ្ហាខាងលើនេះផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]