នៅខ្មែរយើង សម្រាប់អ្នកចូលចិត្តទឹកផ្លែឈើ ភាគច្រើនផឹកទឹកក្រឡុក ឬទឹកក្រូចស្រស់ ដែលទិញនៅតាមផ្សារ ឬតាមផ្លូវ ហើយបើធ្វើផឹកដោយខ្លួនឯងនៅផ្ទះ ភាគច្រើន ធ្វើទឹកការ៉ុត ឬទឹកផ្លែប៉ោម ដែលសុទ្ធតែល្អសម្រាប់សុខភាព។ តែគ្នាយើង គួរសាកទឹកប៉េងប៉ោះម្ដង ព្រោះវាជួយដល់សម្ពាធឈាមរបស់យើង។
សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងទន្ដសាស្ត្រក្រុងតូក្យូ របស់ជប៉ុន ធ្វើការសិក្សាមួយលើមនុស្ស ៤៨១ នាក់ ដោយឲ្យពួកគេផឹកអ្វី តាមពួកគេចង់ផឹក និងកក់ទុករបបអាហារដែលពួកគេផឹកប្រចាំថ្ងៃ។ ក្នុងនោះ អ្នកចូលរួមក្នុងការសិក្សាភាគច្រើន ផឹកទឹកប៉េងប៉ោះ ២០០ មីល្លិលីត្រ/ថ្ងៃ ដែលទឹកប៉េងប៉ោះគ្មានបន្ថែមអំបិលនោះទេ។
លទ្ធផលរកឃើញថា សម្ពាធឈាមធ្លាក់ចុះជាមធ្យម ៣% លើអ្នកចូលរួមក្នុងការសិក្សា ៩៤ នាក់ ដែលមានជំងឺលើសឈាម និងថប់បារម្ភមិនអាចព្យបាលបាន។ ចំណែកក្នុងចំណោមអ្នកមានកូលេស្តេរ៉ូលខ្ពស់ មានអ្នកចូលរួមក្នុងការសិក្សា ១២៥នាក់ ធ្លាក់ចុះសារធាតុខ្លាញ់ ជាមធ្យម ៣%។ ជាតិខ្លាញ់ទាំងនេះ អាចធ្វើឲ្យស្ទះសរសៃឈាម ហើយបណ្ដាលឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
អ្នកស្រាវជ្រាវបញ្ជាក់ថា Lycopene ជាសារធាតុគីមីដែលជួយឲ្យប៉េងប៉ោះឡើងពណ៌ក្រហម ជួយបង្ការការកើតមានកំណក នៅជាប់សរសៃអាកទែ ហើយបណ្ដាលឲ្យសម្ពាធឈាមទាប។ សមាសធាតុមួយចំនួនទៀតនៅក្នុងប៉េងប៉ោះ ជួយកាត់បន្ថយការស្រូបយកកូលេស្តេរ៉ូលទៅក្នុងពោះវៀនតូច និងសំយោគកូលេស្តេរ៉ូលនៅក្នុងថ្លើមទៀត។
ការសិក្សាបញ្ជាក់ថា ទឹកប៉េងប៉ោះមានអត្ថប្រយោជន៍ដូចគ្នាដល់សុខភាពមនុស្សគ្រប់វ័យ ទាំងស្រីទាំងប្រុស។
អត្ថបទពាក់ព័ន្ធ៖
- កែទម្លាប់សាមញ្ញទាំងនេះបាន អត់បាច់ភ័យលើសឈាម
- នេះជាពពួកវីតាមីនស្រីៗពពោះ ត្រូវការចាំបាច់បំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]