តារាចម្រៀងថៃ នាង Butsaran Thongchiew បានស្លាប់នៅព្រឹកព្រលឹម ម៉ោងជាង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ២០១៩ ក្រោយកើតជំងឺកម្រ រយៈពេល ៣ថ្ងៃ។ ក្រុមពេទ្យជំនាញផ្នែកបេះដូងរបស់ថៃ ថា ពួកគេពុំធ្លាប់ជួបរោគសញ្ញាបែបនេះទេ។
តារាស្រី វ័យ ២៨ឆ្នាំរូបនេះ បានហូរឈាមតាមមាត់ និងច្រមុះ នៅផ្ទះរបស់នាង ក្នុងខេត្ត Samut Sakhon នៅថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ ភ្លាមៗនោះ នាងលែងដឹងខ្លួន ហើយបេះដូងឈប់ដំណើរការ មុនត្រូវគេជួយឲ្យដឹងខ្លួនវិញ និងប្រញាប់បញ្ចូនទៅមន្ទីរពេទ្យខេត្ត Samut Skhon។
ដោយសារនាងក្អួតធ្លាក់ឈាមច្រើនពេក ពេទ្យក៏បញ្ជូននាងទៅកាន់មន្ទីរពេទ្យ Siraraj ក្នុងក្រុងបាងកក នៅព្រឹកថ្ងៃពុធ។ ការហូរឈាមច្រើនពេក បានស្ទះដល់ផ្លូវដង្ហើម ហើយបានធ្វើឲ្យបេះដូងរបស់នាង លែងដំណើរការម្ដងទៀត។ នេះបើតាមលោកវេជ្ជបណ្ឌិត Prasit Wattanapa ប្រធានផ្នែកឱសថសាស្ត្រ នៃមន្ទីរពេទ្យ Siriraj។
ពេលមកដល់មន្ទីរពេទ្យ Siraraj នាងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយពេទ្យបានធ្វើរោគវិនិច្ឆ័យលើស្ថានភាពជំងឺ និងប្រើថ្នាំ ដើម្បីរក្សាតុល្យភាពកម្រិតអាស៊ីដ និងអាល់កាឡាំង ក្នុងឈាម។ ចូលដល់ព្រឹកថ្ងៃព្រហស្បតិ៍ នាងមានជីពចរធម្មតា និងលែងហូរឈាម។ បន្ទាប់មក នាងត្រូវបញ្ជូនទៅស្កេន CT ដើម្បីស្វែងរកមូលហេតុបណ្ដាលឲ្យហូរឈាម នៅក្នុងសួត។ លទ្ធផលស្កែន រកឃើញថា គ្មានឈាមកកក ក្នុងសួតទាំងពីរនោះទេ ប៉ុន្ដែនាងហឺមខួរក្បាល។
តែនៅម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃសុក្រនេះ ឪពុករបស់នាង បានបង្ហោះតាមហ្វេសប៊ុកថា តារាចម្រៀង វ័យ ២៨ឆ្នាំរូបនេះ បានស្លាប់ហើយ។ ឪពុករបស់នាង បញ្ជាក់ថា នាងគ្មានជំងឺរ៉ារ៉ៃនោះទេ ហើយមុននាងហូរឈាមដល់ស្លាប់ នាងមានសុខភាពល្អ។
ចំណែកលោកវេជ្ជបណ្ឌិត Pranya Sakiyalak អ្នកជំនាញផ្នែកបេះដូង និងជាប្រធានក្រុមដឹកនាំវេជ្ជបណ្ឌិតព្យាបាលតារាចម្រៀងថៃរូបនេះ បញ្ជាក់ថា លោកមិនដែលជួបរោគសញ្ញាដូច្នេះទេ។ ខាងមន្ទីរពេទ្យ Siriraj នឹងធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ជំងឺរបស់តារាស្រីថ្ងៃនេះ នៅថ្ងៃទី១៤ ខែមិថុនា ២០១៩នេះ។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]