បណ្ដាញសង្គម កំពុងរួមចំណែកធ្វើឲ្យសុខភាពផ្លូវចិត្តក្នុងប្រទេសឥណ្ឌូណេស៊ីធ្លាក់ចុះ នេះបើយោងតាមការសិក្សាថ្មីមួយ ផ្តោតសំខាន់លើផលប៉ះពាល់របស់បណ្ដាញសង្គម លើសុខភាពផ្លូវចិត្តរបស់មនុស្ស ទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ការស្រាវជ្រាវនៃក្រុមនិស្សិតមកនៃសកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស ផ្តោតសំខាន់លើផលប៉ះពាល់របស់បណ្ដាញសង្គម លើសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសឥណ្ឌូណេស៊ី រកឃើញថា ប្រទេសមានអត្រាវិសមភាពខ្ពស់ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ជាហេតុនាំឲ្យមានភាពច្រណែន តូចចិត្តនឹងការរស់នៅស៊ីវីល័យ និងរូបភាពវិជ្ជមានផ្សេងៗនៅលើបណ្ដាញសង្គម។
វិសមភាពនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីឆ្នាំ ២០០០ ហើយប្រទេសនេះ ក៏ជាប្រទេសមានការលូតលាស់ផ្នែកសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី ៣ ក្នុងចំណោមសេដ្ឋកិច្ច G20 ផងដែរ។ ការប្រើប្រាស់បណ្ដាញសង្គម បានធ្វើឲ្យការរើសអើង និងបែងចែកវណ្ណៈ កើតមានឡើងរវាងពលរដ្ឋមានសិក្សាទាប ឬពលរដ្ឋគ្មានការងារធ្វើ។
លើសពីនេះ បញ្ហាលទ្ធិប្រជាធិបតេយ្យនៅលើបណ្ដាញសង្គម ក៏មិនមានលទ្ធផលល្អប៉ុន្មានដែរ។ ព័ត៌មានចចាមអារ៉ាម ត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម ដូចជា Facebook Twitter និង Chat ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាជនប្រទេសនេះ ស្ទើរតែគ្មានកន្លែងគេចផុតពីភាពតានតឹងទាំងនេះ (ផ្អែកលើការវិភាគលើប្រជាជន ២២,៤២៣ នាក់ ក្នុងស្រុកចំនួន ៣០០ ក្នុងប្រទេស)។
អត្ថបទពាក់ព័ន្ធ៖
- បណ្តាញសង្គម ជាកត្តាចម្បងពាក់ព័ន្ធកំណើនជំងឺផ្លូវចិត្តលើយុវវ័យ
- អ្នកមានជំងឺផ្លូវចិត្តគ្រប់ប្រភេទ បណ្ដាលមកពីកត្តាទាំង៣នេះ
ទន្ទឹមនឹងតួលេខគួរឲ្យភ្ញាក់ផ្អើលនេះ បញ្ហាផ្លូវចិត្ត កំពុងក្លាយជាបន្ទុកធ្ងន់ធ្ងរក្នុងប្រទេស ដោយយោងតាមការស្ទាបស្ទង់មតិចុងក្រោយ ធ្វើឡើងក្នុងឆ្នាំ ២០១៨ ត្រូវគេសន្និដ្ឋានថា ឥណ្ឌូនេស៊ី មានប្រជាជនប្រមាណ ១១,៨ លាននាក់ មានបញ្ហាផ្លូវចិត្ត។
លោក Gindo Tampubolon អ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ពិភពលោក បាននិយាយថា “នេះជាការដាស់តើនរំលឹកថា ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ក៏មានផលអវិជ្ជមានដែរ។ យើងចង់ឃើញ មន្ត្រីសុខភាពសាធារណៈ គិតគូរពីបញ្ហានេះ ហើយរកវិធីលើកទឹកចិត្តប្រជាជន ឲ្យកាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គម ឬឲ្យពួកគាត់យល់ដឹងពីផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។’
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]