វ៉ាក់សាំង មានច្រើនប្រភេទណាស់ ហើយ ជាទូទៅ ត្រូវចាក់បញ្ចូល ឬបន្ដក់តាមមាត់ទារក ដើម្បីបង្ការការកើតជំងឺធ្ងន់ធ្ងរ នៅពេលធំឡើង។ ប៉ុន្ដែតាមការស្ទង់មតិមួយ បង្ហាញថា បារាំង ជាប្រទេសមានការទុកចិត្តលើវ៉ាក់សាំងបង្ការជំងឺនានា ទាបបំផុតនៅលើពិភពលោក។
ពលរដ្ឋបារាំង ១/៣ មិនយល់ស្របថា វ៉ាក់សាំងមានសុវត្ថិភាពទេ។ នេះបើតាមការស្ទង់មតិលើមនុស្សជាង ១៤ម៉ឺននាក់ ក្នុងប្រទេសចំនួន ១៤៤។ លទ្ធផល រកឃើញថា ប្រទេសចំណូលខ្ពស់ មានទំនុកចិត្តទាបលើវ៉ាក់សាំង ហើយជាលទ្ធផល វាពាក់ព័ន្ធនឹងការកើនឡើងចលនាប្រឆាំងនឹងវ៉ាក់សាំង ដែលមនុស្សលែងជឿលើសារៈប្រយោជន៍វ៉ាក់សាំង ឬអះអាងថា ការចាក់វ៉ាក់សាំង មានគ្រោះថ្នាក់។
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ក្មេងៗប្រមាណ ១៦៩លាននាក់ ពុំបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧។
តាមរយៈការស្ទង់មតិដដែល អ្នកចូលរួម ៧៩% យល់ស្របថា វ៉ាក់សាំងមានសុវត្ថិភាព ហើយ ៨៤% ជឿថា វ៉ាក់សាំងមានប្រសិទ្ធភាព។ ប៉ុន្ដែ ការទុកចិត្តទៅលើវ៉ាក់សាំង នៅក្នុងប្រទេសអឺរ៉ុប មានត្រឹម ២២% ប៉ុណ្ណោះ ទាំងការជឿថា វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖
- មានដឹងទេ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺអីខ្លះ?
- តិចនិកងាយៗជួយបន្លប់កូនតូចពេលចាក់វ៉ាក់សាំង មិនឲ្យឈឺចាប់ស្រែកយំខ្លាំង
ពាក់ព័ន្ធនឹងបញ្ហាពលរដ្ឋប្រទេសអភិវឌ្ឍមានទំនុកចិត្តទាបលើវ៉ាក់សាំង លោក Imran Khan អ្នកដឹកនាំក្នុងការស្ទង់មតិ លើកឡើងថា “បើពួកគេ មិនចាក់វ៉ាក់សាំង ពួកគេនៅតែប្រឈមនឹងការឆ្លងជំងឺតិចតួច ហើយនៅពេលពួកគេឆ្លងមេរោគ ពួកគេមិនប្រឈមខ្ពស់នឹងការស្លាប់ទេ ដោយសារពួកគេមានប្រព័ន្ធសុខាភិបាលល្អ“។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]