នៅខ្មែរយើង អាហារប្រភេទសត្វល្អិត ដូចជា ចង្រិត កន្ដេះឡង់ ឬកណ្ដូបលីង ទោះបីជាមិនពេញនិយមខ្លាំង ប៉ុន្ដែក៏មានប្រជាជនជាច្រើន ចូលចិត្តញ៉ាំដែរ។ ចំណែកនៅអង់គ្លេស មានយុវជនម្នាក់ យកសត្វល្អិតទាំងនេះ ធ្វើជារបបអាហារ ហើយជួយឲ្យយុវជននេះ មានកម្លាំងទ្វេដង ក្នុងការហាត់ប្រាណដោយលើកទម្ងន់ (Weightlifting)។
អាចថា ជារឿងចម្លែកមួយ យុវជនអង់គ្លេស Sam Broadbent វ័យ ១៨ឆ្នាំ បានប្រើអាហារប្រភេទសត្វល្អិត ក្នុងរបបអាហារ ទាំង ៣ពេលរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៥។ សត្វល្អិតទាំងនោះ មានដូចជា ចង្រិត អង្ក្រង កណ្ដូប និងខ្យាដំរី។
អាហារពេលព្រឹក យុវជនរូបនេះ យកបបរស និងផ្លែឈើ លាយជាមួយម្សៅចង្រិត ឬចង្រិតក្រៀម។ អាហារថ្ងៃត្រង់ យុវជនវ័យ ១៨ឆ្នាំរូបនេះ ញ៉ាំចង្រិតលីង ហើយពេលល្ងាច លោកញ៉ាំ Burritos ជាមួយសណ្ដែក បាយ និងកណ្ដូប ខណៈក្នុងពិធីជួបជុំគ្រួសារ Sam Broadbent យកខ្យាដំរីបំពង ទៅញ៉ាំជាមួយសាច់អាំង។
លោក Sam Broadbent ថា ដំបូង វាគួរឲ្យរអើមបន្ដិច ប៉ុន្ដែក្រោយវាក្លាយជារបបអាហារ លោកមានអារម្មណ៍ប្រសើរជាងមុនហើយ។ លោកបន្ដថា វាជួយឲ្យការហាត់ប្រាណលើកទម្ងន់របស់លោក កើនឡើងទ្វេដង ដោយកើនពី ៨៥គីឡូក្រាម នៅខែតុលា ឆ្នាំ២០១៨ ទៅ ១៥០គីឡូក្រាម នៅខែមិថុនា ឆ្នាំ២០១៩។
អត្ថបទពាក់ព័ន្ធ៖
- អស្ចារ្យ! ពេទ្យប្រើពិសខ្យាដំរី សម្លាប់បាក់តេរីបង្កជំងឺដល់ទៅ២មុខ
- ពិសខ្យាដំរី មួយលីត្រ តម្លៃខ្ពស់ជាង ១០លានដុល្លារ ព្រោះផលិតជាថ្នាំព្យាបាលមហារីកបាន
លោកបន្ថែមថា ពីមុន លោកក៏ធ្លាប់ប្រើរបបអាហារ ដោយញ៉ាំសាច់ ២ដង/ថ្ងៃ ដោយមានសាច់មាន់ ឬមាន់ដុត សម្រាប់អាហារថ្ងៃត្រង់ និងសាច់គោ ឬសាច់ជ្រូក សម្រាប់អាហារពេលល្ងាច។ ប៉ុន្ដែនៅឆ្នាំ២០១៥ លោកបានប្ដូររបបអាហារ ដោយញ៉ាំអាហារប្រភេទសត្វល្អិតវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]