កាលពីថ្ងៃទី២ កក្កដា ម្សិលមិញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមួយ ស្តីពី ការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នៅក្នុងសេចក្តីប្រកាសនោះដែរ ក្រសួងបានតម្រូវឲ្យផ្អាកការទិញ-លក់ ដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាប្រវែង ៣ គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន។
ទោះបីជាក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បម្រាមចំពោះការទិញលក់សត្វជ្រូក សាច់ជ្រូក និងផលិតផលផលិតពីសាច់ជ្រូកនៅតំបន់ដែលផ្ទុះនោះក្តី តែក្រសួងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ដែលមានអត្រាខ្ពស់រហូតដល់ ១០០% ជាហេតុបង្កឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹម។
ទាក់ទងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះដែរ កន្លងមកឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ជំងឺនេះឆ្លងពីសត្វទៅសត្វ មិនមានការឆ្លងរាលពីសត្វទៅមនុស្សនោះទេ។ តែទោះយ៉ាងណាយើងមិនត្រូវញ៉ាំសាច់សត្វឈឺនោះទេ ហើយរាល់សាច់សត្វទាំងអស់ត្រូវតែចម្អិនឲ្យបានឆ្អិនល្អ មុននឹងបរិភោគ។
នេះជាករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកម្តងទៀតនៅក្នុងឆ្នាំ ២០១៩ នេះ ដោយការផ្ទុះលើកមុន នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីខែ មីនា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]