ការផឹកគ្រឿងស្រវឹង ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើង ទាំងពេលបច្ចុប្បន្ន និងអនាគត ហើយបញ្ហានេះ បានកើនឡើងយ៉ាងខ្លាំងនៅតំបន់អាស៊ាន មិនថាតែ ថៃ វៀតណាម ឬកម្ពុជានោះទេ។ ដូច្នេះ គ្នាយើង ដែលញ៉ាំគ្រឿងស្រវឹងច្រើន គួរប្រុងប្រយ័ត្ន ព្រោះសប្ដាហ៍មុន បុរសថៃម្នាក់ បានស្លាប់ ក្រោយចូលរួមក្នុងការប្រកួតផឹកស្រា ដើម្បីបង្អួតពីភាពខ្លាំង និងភាពប៉ិនប្រសប់ផឹកបានច្រើន។
បុរសម្នាក់បានស្លាប់ ផឹកលើសកម្រិត ព្រោះតែចង់ឈ្នះពីការប្រកួតផឹកស្រា អំឡុងកម្មវិធីជប់លៀងក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការ ដែលរៀបចំដោយក្រុមហ៊ុនស៊ីឈ្នួលរៀបចំកម្មវិធីកម្សាន្តមួយផ្សេងទៀត កាលពីចុងខែ មិថុនាកន្លងទៅ។
លោក Kittisak Klabdee ទីប្រឹក្សាក្រសួងសុខភាពសាធារណៈថៃ បញ្ជាក់ថា បុរសដែលស្លាប់នោះ មានកម្រិតអាល់កុលក្នុងឈាម ៤០០មីល្លីក្រាម/ដេស៊ីលីត្រ ឯកម្រិតសុវត្ថិភាពខ្ពស់បំផុតត្រឹមតែ ៣០០មីល្លីក្រាម/ដេស៊ីលីត្រ។ លោកបន្តថា បរិមាណដ៏ច្រើនលើសកម្រិតជាតិអាល់កុលក្នុងខ្លួននេះ អាចបណ្ដាលឲ្យអ្នកផឹក បាត់ដង្ហើម(ដាច់ខ្យល់) ភ្លាមៗ។
ក្រោយមានករណីស្លាប់បាត់បង់ជីវិតពីការប្រណាំងប្រជែងប្រកួតផឹករកជើងខ្លាំងពីការរៀបចំកម្មវិធីកម្សាន្តនេះដែរ បណ្ដាញយុវជនក្រុមការពារអ្នកសេពគ្រឿងស្រវឹងថ្មី បានដាក់ញត្តិមួយច្បាប់ជូនក្រសួងសុខាភិបាលថៃ ស្នើឲ្យក្រសួងបន្ថែមការរឹតបន្ដឹងច្បាប់គ្រឿងស្រវឹង ជាពិសេសចំពោះការរៀបចំ ឬក្រុមអ្នករៀបចំកម្មវិធី ឬការប្រកួតផឹកស្រា ដែលបានសម្លាប់មនុស្សដូចករណីនៅខេត្ត Phetchaburi នេះជាឧទាហរណ៍ស្រាប់។
អគ្គនាយករង នៃគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹង លោក Pongtorn Chartpituck បញ្ជាក់ថា ក្រុមអ្នករៀបចំ ឬបង្កើតកម្មវិធីប្រកួតផឹកក្រុមហ៊ុននេះ អាចជាប់ចោទពីបទឧក្រិដ្ឋ។ យ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតយ៉ាយយកចិត្តទុកដាក់។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]