ជំងឺអេបូឡាកំពុងតែផ្ទុះនៅសាធារណរដ្ឋកុងហ្គោ នៃទ្វីបអាហ្វ្រិក ដោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសការផ្ទុះជំងឺនេះជាបញ្ហាសុខភាពសាធារណៈ ដែលមានការព្រួយបារម្ភជាលក្ខណៈអន្តរជាតិ។
ដោយសារតែអេបូឡា ជាជំងឺកាចសាហាវ អត្រាឆ្លងលឿន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសឲ្យពលរដ្ឋខ្មែរដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងទ្វីបអាហ្រិក ហើយមានរោគសញ្ញា ដូចជា គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ ឈឺសាច់ដុំ អស់កម្លាំង ក្អួត កន្ទួលក្រហម ឬចេញឈាម ត្រូវប្រញាប់ទៅពេទ្យនៅជិតបំផុត ឬទាក់ទងទូរស័ព្ទលេខ ១១៥។
១- ជំងឺអេបូឡាឆ្លងដូចម្តេច?
អេបូឡា ជាជំងឺធ្ងន់ធ្ងរ កើតមានលើមនុស្ស និងសត្វ បណ្តាលមកពីមេរោគអេបូឡា។ អ្នកកើតជំងឺនេះមានអត្រាស្លាប់រហូតដល់ ៩០% ឯណោះ។ ជំងឺអេបូឡាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយឈាម ទឹកនោម ញើស កម្អួត ទឹកមាត់ ទឹកកាម សំបោរ ទឹកភ្នែករបស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ ឬប៉ះពាល់សាកសពដែលស្លាប់ដោយជំងឺអេបូឡា។
២- រោគសញ្ញាជំងឺអេបូឡា
បើតាមប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល រោគសញ្ញាជំងឺអេបូឡា កើតមានឡើងពី ២-២១ ថ្ងៃ ក្រោយប៉ះពាល់អ្នកកើតជំងឺអេបូឡា ឬសាកសពដែលស្លាប់ដោយជំងឺអេបូឡា។
រោគសញ្ញាដំបូង៖
– គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ
– ឈឺសាច់ដុំ
– អស់កម្លាំង
– ឈឺក្បាល
– ឈឺក។
រោគសញ្ញាបន្ទាប់៖
– ក្អួត
– រាក
– ចេញកន្ទួលក្រហម
– ចេញឈាម។
៣- វិធីបង្ការជំងឺអេបូឡា
ដោយហេតុថា មេរោគជំងឺអេបូឡាបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ងាយឆ្លង និងអាចស្លាប់បាននោះ តម្រូវឲ្យមានវិធីបង្ការតឹងរឹងបំផុត។
– ឧស្សាហ៍លាងដៃជាមួយទឹក និងសាប៊ូ
– កុំប៉ះពាល់អ្នកជំងឺ ឬសាកសពអ្នកជំងឺ
– កុំប៉ះទឹកសរីរាង្គអ្នកជំងឺ (ឈាម ទឹកនោម ញើស កម្អួត ទឹកមាត់ ទឹកកាម សំបោរ ទឹកភ្នែក)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]