ជំងឺគ្រុនចាញ់ បានផ្ទុះឡើងខ្លាំង ក្នុងតំបន់អាស៊ានរបស់យើង នៅប្រមាណ ២ទសវត្សមុន បន្ទាប់មក ករណីជំងឺគ្រុនចាញ់ បានធ្លាក់ចុះវិញ ដោយសារពលរដ្ឋយល់ដឹងពីវិធីបង្ការ ក៏ដូចជាការទៅព្យាបាលទាន់ពេលវេលា។ ពេលនេះ អ្នកវិទ្យាសាស្ត្រ បានព្រមានពីជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំ កំពុងរាលដាលនៅក្នុងប្រទេសអាស៊ានចំនួន៤។
លោក Roberto Amato ដែលធ្វើការជាមួយក្រុមការងារ មកពីវិទ្យាស្ថាន Wellcome Sanger និងសាកលវិទ្យាល័យ Oxford របស់អង់គ្លេស រួមជាមួយសាកលវិទ្យាល័យ Mahidol របស់ថៃ បានបញ្ជាក់ថា ជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំ កំពុងរាលដាលនៅវៀតណាម ឡាវ ថៃ (ភាគខាងជើង) និងកម្ពុជា។ ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញថា ប៉ារ៉ាស៊ីត KEL1/PLA1 ដែលបង្កជំងឺគ្រុនចាញ់ បានបម្លែងសេណេទិកថ្មី ដែលអាចស៊ាំនឹងថ្នាំ។
រយៈពេលប្រមាណ ១ទសវត្សចុងក្រោយ ការព្យាបាលជំងឺគ្រុនចាញ់ នៅតាមតំបន់ជាច្រើនក្នុងទ្វីបអាស៊ី ប្រើប្រាស់ថ្នាំ Dihydroartemisinin រួមគ្នាជាមួយថ្នាំ Piperaquine។ ការប្រើថ្នាំរួមផ្សំគ្នានេះ ទទួលជោគជ័យ ប្រសិនបើអ្នកជំងឺឆាប់ទៅព្យាបាលទាន់ពេល ប៉ុន្ដែជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំ កំពុងរាលដាលនៅតំបន់ជាច្រើន ក្នុងពិភពលោក ជាពិសេសតំបន់អាស៊ាន។
លោក Olivo Miotto អ្នកវិទ្យាសាស្ត្រ ដែលចូលរួមក្នុងការស្រាវជ្រាវនេះ បញ្ជាក់ថា ថ្នាំផ្សេងទៀត ប្រហែលជាមានប្រសិទ្ធភាព ប៉ុន្ដែលោកស្នើឲ្យមានវិធានការបន្ទាន់ ព្រោះស្ថានភាពបច្ចុប្បន្ន កំពុងមានភាពផុយស្រួយ។ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ស្មានថា មនុស្សប្រមាណ ២២០លាននាក់ បានឆ្លងជំងឺគ្រុនចាញ់ នៅឆ្នាំ២០១៧ ហើយមានអ្នកស្លាប់ប្រមាណ ៤០ម៉ឺននាក់។
[embed-health-tool-bmi]