កញ្ឆា ជាប្រភេទគ្រឿងញៀន ដែលត្រូវបានហាមឃាត់សឹងគ្រប់ប្រទេស ទូទាំងពិភពលោក តែវាក៏យកមកប្រើប្រាស់ជាថ្នាំ ក្នុងវិស័យវេជ្ជសាស្ត្រផងដែរ។ ចំណែករដ្ឋាភិបាលថ្មីរបស់ថៃ គ្រោងយកឧស្សាហកម្មថ្នាំកញ្ឆា ជាគោលនយោបាយអាទិភាពមួយ។
“ការសិក្សា និងការអភិវឌ្ឍបច្ចេកវិទ្យានៃផលិតផលកញ្ឆា និងឱសថបុរាណផ្សេងទៀត គួរត្រូវពន្លឿនសម្រាប់ឧស្សាហកម្មវេជ្ជសាស្ត្រ ដើម្បីបង្កើតសក្ដានុពលសេដ្ឋកិច្ច និងចំណូលសម្រាប់ប្រជាជន“។ នេះបើតាមឯកសារគោលនយោបាយ របស់រដ្ឋាភិបាលថ្មី ដែលបានបញ្ចេញ កាលពីចុងសប្ដាហ៍មុន។
ចំណែកលោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាលថ្មី របស់ថៃ បញ្ជាក់ថា គោលដៅរបស់លោក គឺអនុញ្ញាតឲ្យពលរដ្ឋថៃទាំងអស់ ដាំដើមកញ្ឆា ដើម្បីទទួលចំណូលថែមទៀត។ លោកបានប្រាប់កាសែតក្នុងស្រុកថា វាសំខាន់ណាស់ ដើម្បីដកឱសថបុរាណដែលមានកម្រិតជាតិកញ្ឆាខ្ពស់ ចេញពីបញ្ជីបម្រាម ហើយអនុញ្ញាតឲ្យមន្ទីរពេទ្យ អាចប្រើប្រាស់ថ្នាំមានផ្ទុកសារធាតុគីមីទាំងនោះ។
ប្រទេសថៃ មានប្រពៃណីប្រើប្រាស់កញ្ឆា ដើម្បីសម្រួលការឈឺចាប់ និងអស់កម្លាំង ហើយបានផ្ដល់ភាពស្របច្បាប់សម្រាប់ការប្រើប្រាស់ និងស្រាវជ្រាវវេជ្ជសាស្ត្រ លើកញ្ឆា កាលពីឆ្នាំ២០១៨ កន្លងទៅ។
ទោះយ៉ាងណា ការយកឧស្សាហកម្មថ្នាំកញ្ឆា ជាគោលនយោបាយអាទិភាព ត្រូវរងចាំការជជែកពិភាក្សា និងឯកភាពពីរដ្ឋសភាថៃ នៅថ្ងៃទី២៥ ខែកក្កដា ២០១៩ ជាមុនសិន។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំងឺមហារីកថៃ ស្លាប់ជាបន្តបន្ទាប់ ដោយសារគ្មានប្រេងកញ្ឆាប្រើ
- ថៃប្រើកញ្ឆាព្យាបាលជំងឺថប់បារម្ភ និងអាការៈឈឺឆាប់ផ្សេងៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]