វៀតណាម កំពុងមានការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បីតែការផលិតថ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការក្នុងស្រុក ក៏មានការកើនឡើងដែរ។ ថ្នាំផលិតក្នុងប្រទេសវៀតណាម អាចផ្គត់ផ្គង់បានជិតពាក់កណ្ដាល នៃតម្រូវការរបស់ប្រជាជនវៀតណាម ក្នុងការព្យាបាល និងបង្ការជំងឺ។ ប្រទេសនេះ ក៏អាចផលិតវ៉ាក់សាំង ១២មុខ ក្នុងចំណោមវ៉ាក់សាំង ១៣មុខ ដែលប្រើទូទាំងប្រទេស។
លោក Truong Quoc Cuong រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បញ្ជាក់ថា ទាំងនេះ ជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មឱសថ និងសម្ភារៈវេជ្ជសាស្ត្ររបស់វៀតណាម។ ការបញ្ជាក់របស់រដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលកាងាររបស់ក្រសួង ស្ដីពី “កម្មវិធីពលរដ្ឋវៀតណាមផ្ដល់អាទិភាពប្រើថ្នាំក្នុងស្រុក“។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែលលើថ្នាំបរទេស និងបង្កើនផលិតផលក្នុងស្រុក។
លោកបន្តថា ១០ឆ្នាំ ចុងក្រោយនេះ មានការផ្លាស់ប្ដូរផ្នត់គំនិត ក្នុងចំណោមអ្នកប្រើប្រាស់ អ្នកជំនួញ និងមន្រ្តីសុខាភិបាល ជាមួយថ្នាំផលិតក្នុងស្រុក ដែលទទួលការពេញចិត្តទាំងគុណភាព និងតម្លៃអាចទទួលយកបាន ប្រៀបធៀបនឹងថ្នាំបរទេស។ លោកថា បច្ចុប្បន្ន វៀតណាម មានក្រុមហ៊ុនផលិតវ៉ាក់សាំង ចំនួន៤ ជាមួយសមត្ថភាពផលិត ៣០លានដូស សម្រាប់ទូទាំងប្រទេស។
ជាងនេះទៅទៀត វៀតណាមមានសហគ្រាសឱសថ ចំនួន ១៩៨ បានទទួលលិខិតបញ្ជាក់សហគ្រាសល្អ ពីអង្គការសុខភាពពិភពលោក (WHO) ខណៈរោងចក្រចំនួន ១១បានសាងសង់ និងវិនិយោគក្រោមស្ដង់ដារប្រទេសជឿនលឿន ដូចជាអាមេរិក ជប៉ុន ឬអឺរ៉ុប។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ ថ្នាំក្នុងស្រុករបស់វៀតណាម បានរួមចំណែក ៦៥% នៃការប្រើប្រាស់ថ្នាំសរុប នៅតាមមន្ទីរពេទ្យខេត្ត និងស្រុក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]