ប្រទេសចិន មានប្រជាជនសរុប ប្រមាណ ១.៤០០លាននាក់ ច្រើនជាងគេ នៅក្នុងពិភពលោក តែប្រទេសនេះ ក៏កំពុងប្រឈមបញ្ហាមនុស្សចាស់ ជិត ២០០លាននាក់ កើតជំងឺរ៉ាំរ៉ៃ។
គណៈកម្មការជាតិសុខាភិបាលចិន បញ្ជាក់ថា ចិនមានមនុស្សចាស់ លើស ១៨០លាននាក់ កើតជំងឺរ៉ាំរ៉ៃ ដោយ ៧៥% កើតជំងឺរ៉ាំរ៉ៃ លើសពី ១មុខ។ នៅឆ្នាំ២០១៨ អាយុរំពឹងទុកជាមធ្យមរបស់ពលរដ្ឋចិន គឺ ៧៧ឆ្នាំ ប៉ុន្ដែអាយុរពឹងទុកមានសុខភាពល្អវិញ គឺត្រឹមតែ ៦៨,៧ឆ្នាំប៉ុណ្ណោះ មានន័យថា នៅសល់ ៨ឆ្នាំទៀត ត្រូវរស់នៅជាមួយជំងឺ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន បានប្រកាសឲ្យអនុវត្តគំនិតផ្ដួចផ្ដើមសុខភាពល្អរបស់ចិន ស្នើឲ្យលើកកម្ពស់សុខភាពមនុស្សចាស់ និងលើកកម្ពស់គុណភាពរស់នៅរបស់មនុស្សចាស់។ រដ្ឋាភិបាលចិន ក៏ប្រកាសធ្វើយ៉ាងណា កាត់បន្ថយអសមត្ថភាពក្នុងចំណោមមនុស្សចាស់ អាយុពី ៦៥-៧៤ឆ្នាំ និងកាត់បន្ថយកំណើនជំងឺភ្លេចភ្លាំង ក្នុងចំណោមអ្នកមានអាយុ ៦៥ឆ្នាំ និងលើសនេះ។
អត្ថបទពាក់ព័ន្ធ៖ មានចាស់ៗនៅផ្ទះ នេះជាវិធីការពារកុំឲ្យដួល នាំគ្រោះថ្នាក់ធំ
គួរបញ្ជាក់ថា នៅត្រឹមចុងឆ្នាំ២០១៨ ចិនមានមនុស្សចាស់ អាយុ ៦០ឆ្នាំ និងលើសនេះ ចំនួនប្រមាណ ២៤៩លាននាក់ និងអាយុ ៦៥ឆ្នាំ និងលើសនេះ មានចំនួនប្រមាណ ១៦៧លាននាក់។
[embed-health-tool-bmi]