គ្នាយើងខ្លះ ប្រហែលជាដឹងហើយថា ការលក់ថ្នាំជំនួយ និងគ្រឿងសម្អាង នៅថៃ ទទួលការពេញនិយម និងកើនឡើងយ៉ាងខ្លាំង។ តែប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរថៃ ក៏បើកប្រតិបត្តិការបង្ក្រាបការលក់ថ្នាំជំនួសខុសច្បាប់ នៅតាមទីតាំងជាច្រើនផងដែរ។
ជាក់ស្ដែង គ្រាន់តែចូលដើមខែសីហា ២០១៩ ភ្លាម ប៉ូលិសថៃ បានបង្ក្រាបថ្នាំជំនួយ ដែលគេហៅថា Ya Suay Sangharn (Killer Beauty Pills) នៅ ១៧ទីតាំង ក្នុងខេត្តចំនួន៨ ដោយបានឃាត់ខ្លួនមនុស្ស ៤នាក់ អាយុពី ៣០-៣៨ឆ្នាំ ហើយក្នុងនោះ មានម្នាក់ជាវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតនេះ ត្រូវចោទលើករណីការឃុបឃិតប្រព្រឹត្តបទល្មើស ពាក់ព័ន្ធថ្នាំញៀន។
ប៉ូលិសថៃ បញ្ជាក់ថា ក្រុមបងធំ បានជួលវេជ្ជបណ្ឌិតទើបបញ្ចប់ការសិក្សា និងវេជ្ជបណ្ឌិតមួយចំនួនទៀត បើកគ្លីនិកថែរក្សាសម្រស់ នៅតាមខេត្តជាច្រើន ហើយបានចេញវេជ្ជបញ្ជា ឲ្យប្រើថ្នាំជំនួយខាងលើ ដែលរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) ចាត់ទុកថា ជាថ្នាំខុសច្បាប់។ ថ្នាំជំនួយនេះ ត្រូវអះអាងថា ប្រើដើម្បីព្យាបាលអ្នកជំងឺ ប៉ុន្ដែវេជ្ជបណ្ឌិត បានលក់ថ្នាំនេះ តាមអនឡាញទៀត ដោយថ្លៃជាងតម្លៃធម្មតា ២-៣ដង។
ចំណែកអគ្គលេខាធិការរង FDA បញ្ជាក់ថា ប៉ូលិសបានរឹបអូសថ្នាំ Duromine ដែលជួយសម្រកទម្ងន់ និងថ្នាំ Panbesy ប្រើដើម្បីព្យាបាលបញ្ហាពាក់ព័ន្ធការញ៉ាំអាហារច្រើនពេក។ ថ្នាំទាំងពីរមុខនេះ ទទួលការពេញនិយមយ៉ាងខ្លាំង នៅក្នុងទីផ្សារប្រទេសថៃ។
អត្ថបទពាក់ព័ន្ធ៖ នៅថៃលក់ “Magic Card” ព្យាបាលជំងឺគ្រប់មុខ តែអាជ្ញាធរថា អាចកើតមហារីក បើប្រើ
ពេលនេះ រដ្ឋបាល FDA កំពុងពិនិត្យលើ Lorcaserin ជាក្រុមថ្នាំមួយប្រភេទស្ថិតក្នុងការគ្រប់គ្រង ហើយប្រើសម្រាប់សម្រកទម្ងន់។ តាមគេហទំព័រវេជ្ជសាស្ត្រ Webmd ថ្នាំ Lorcaserin ប៉ះពាល់ដល់ផ្នែកមួយរបស់ខួរក្បាល ដែលជួយគ្រប់គ្រងចំណង់អាហាររបស់មនុស្ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]