ជំងឺគ្រុនឈាម បានរាលដាលយ៉ាងខ្លាំង ក្នុងតំបន់អាស៊ាន នៅឆ្នាំ២០១៩នេះ ដោយប្រទេសហ្វីលីពីន បានរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីថៃ វៀតណាម និងខ្មែរយើង។
គិតចាប់តាំងពីដើមឆ្នាំមក អ្នកស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងរហូតដល់ ៦២២នាក់ ហើយអាជ្ញាធរប្រទេសនេះ បានប្រកាសអាសន្នពីជំងឺគ្រុនឈាមតាំងពីខែកក្កដា មកម្ល៉េះ។ នេះបើតាមក្រសួងសុខាភិបាលហ្វីលីពីន។
ចំណែកអ្នកកើតជំងឺគ្រុនឈាម គិតត្រឹមថ្ងៃទី២០ ខែកក្កដា ២០១៩ មានចំនួនប្រមាណ ១៤៦.០០០នាក់ កើនឡើង ៩៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០១៨។
លោក Francisco Duque រដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន បានបញ្ជាក់ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែសីហា ២០១៩ ថា តាមទិន្នន័យ ជំងឺគ្រុនឈាម មានប្រមាណ ៥.១០០ ករណី/សប្ដាហ៍ ហើយនេះជាតួលេខខ្ពស់បំផុត។
អត្ថបទពាក់ព័ន្ធ៖ ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ
ដើម្បីបំបាត់ជំងឺគ្រុនឈាម ចាប់តាំងពីខែកក្កដាមក អាជ្ញាធរសុខាភិបាលហ្វីលីពីន បានពង្រាយពេទ្យរាប់រយនាក់ ទៅតាមមន្ទីរពេទ្យខេត្ត និងស្រុក និងផ្ដល់ជំនួយបន្ទាន់ ទៅកាន់តំបន់មានការផ្ទុះជំងឺគ្រុនឈាម។
ជាងនេះទៅទៀត ហ្វីលីពីន កំពុងពិចារណាយកវ៉ាក់សាំងចាស់ (Dengvaxia) មកប្រើប្រាស់ឡើងវិញផងដែរ។ វ៉ាក់សាំងនេះ ផលិតដោយក្រុមហ៊ុនបារាំង ហើយត្រូវសង្ស័យថា បង្កឲ្យក្មេង ៤នាក់ ឈឺរហូតដល់បាត់បង់ជីវិត កាលពីឆ្នាំ២០១៧។
[embed-health-tool-bmi]