កាវវេជ្ជសាស្ត្រ ភ្ជិតមុខរបួស ដោយមិនចាំបាច់ដេរ មានតែអ្នកវិទ្យាសាស្ត្រប្រទេសជឿនលឿន ដូចជា អាមេរិក និងអ៊ីស្រាអែល ដែលធ្លាប់ផលិត និងសាកល្បង តែមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការទេ។ ពេលនេះ អ្នកវិទ្យាសាស្ត្រវៀតណាម អាចផលិតកាវវេជ្ជសាស្ត្រ ភ្ជិតមុខរបួសនេះ មិនចាញ់ប្រទេសជឿនលឿនទាំងនោះទេ។
លោកស្រី Nguyen Thi Hiep ប្រធានផ្នែកវិស្វកម្មវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យជាតិវៀតណាម បានស្រាវជ្រាវពីការផលិតកាវវេជ្ជសាស្ត្រសម្រាប់ភ្ជិតមុខរបួសនេះ ចាប់តាំងពីឆ្នាំ២០១៣ និងទទួលការសាកល្បងដោយជោគជ័យលើសត្វជ្រូក។ លោកស្រី និងក្រុមការងារ គ្រោងនឹងសាកល្បងប្រើប្រាស់ និងប្រសិទ្ធភាពរបស់កាវវេជ្ជសាស្ត្រនេះ លើមនុស្ស ក្នុងពេលឆាប់ៗខាងមុខ។
កាវវេជ្ជសាស្ត្រ មានប៉ូលីមែរ Chitosan អាស៊ីដ Hyaluronic និងកាវ (Gel) ប្រើសម្រាប់ភ្ជិតមុខរបួសខាងក្រៅ បញ្ឈប់ការហូរឈាម សម្លាប់មេរោគ និងព្យាបាលរបួស។ លោកស្រី Nguyen Thi Hiep ថា សូម្បីអ្នកពុំចេះវិធីសង្គ្រោះបឋម ក៏អាចប្រើកាវវេជ្ជសាស្ត្រនេះ លើអ្នកជំងឺ មុនបញ្ជូនទៅមន្ទីរពេទ្យ ហើយផលិតផលនេះ មានប្រយោជន៍សម្រាប់អ្នកនៅតំបន់ដាច់ស្រយាល ឆ្ងាយពីមន្ទីរពេទ្យ។
សម្រាប់ការបង្កើតស្នាដៃនេះ លោកស្រី បានទទួលពានរង្វាន់ទេពកោសល្យវិទ្យាសាស្ត្រអន្តរជាតិ របស់អង្គការ UNESCO នៅឆ្នាំ២០១៨។ បន្ទាប់មក លោកស្រីបានទទួលការឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ ពីជនជាតិអាមេរិកម្នាក់ នូវទឹកប្រាក់ ៨៦.០០០ដុល្លារ។
អត្ថបទពាក់ព័ន្ធ៖ អ៊ីស្រាអែល រកឃើញវិធីភ្ជិតមុខរបួសធំៗដោយ កាវវេជ្ជសាស្ត្រ
លោកស្រីបន្ថែមថា កាវវេជ្ជសាស្ត្រនេះ ទាមទារការសាកល្បងទ្រង់ទ្រាយធំ ដើម្បីទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាល ដូច្នេះផលិតផល អាចទទួលការអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាសាធារណៈ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]