ជំងឺស្វាយ ជាប្រភេទជំងឺកាមរោគ ដែលឆ្លងតាមរយៈការរួមភេទ ឈាម និងទឹករងៃ ហើយបើអ្នកជំងឺពុំដឹងខ្លួន និងព្យាបាលទាន់ពេលទេ វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
វេជ្ជបណ្ឌិត Deepti Vibha បម្រើការងារនៅនាយកដ្ឋានសរសៃប្រសាទ ក្នុងរដ្ឋធានីញូដេលី របស់ឥណ្ឌា បានរកឃើញថា បុរសវ័យ ៥០ឆ្នាំម្នាក់ បានឆ្លងមេរោគស្វាយ នៅក្នុងខួរក្បាល។ ជំងឺនេះ ហៅថា Neurosyphilis។ ការវិវត្តនៃមេរោគនេះ ចូលទៅក្នុងខួរក្បាល មានរយៈពេលពី ១០-២០ឆ្នាំ។
បុរសផ្ទុកជំងឺស្វាយ បានប្រាប់វេជ្ជបណ្ឌិតថា លោកមិនដែលរួមភេទដោយអត់សុវត្ថិភាពនោះទេ ហើយក៏មិនដែលមានរោគសញ្ញាជំងឺស្វាយពីមុនដែរ។ ប៉ុន្ដែអ្នកជំងឺនេះ មានរោគសញ្ញា ក្អួត ឈឺក្បាល ក ដាច់សរសៃឈាមខួរក្បាល និងអារម្មណ៍រវើរវាយ។ ក្រោយពិនិត្យរួច លទ្ធផលបញ្ជាក់ អ្នកជំងឺ ឆ្លងបាក់តេរី Treponema pallidum ដែលបង្កជំងឺស្វាយ ហើយប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ អ្នកជំងឺ អាចប្រើអវយវៈ និងនិយាយបានតិចៗ ដោយសារខូចខួរក្បាល។
ក្រោយមក វេជ្ជបណ្ឌិត បានឲ្យអ្នកជំងឺលេបថ្នាំអង់ទីប៊ីយូទិក រយៈពេល ២សប្ដាហ៍ ហើយស្ថានភាពអ្នកជំងឺ ក៏បានប្រសើរឡើងវិញ។ ក្រោយការតាមដានរយៈពេល ៣ខែទៀត អ្នកជំងឺ អាចងើបដើរឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា?
តាមគ្លីនិក Mayo Clinic របស់អាមេរិក បញ្ជាក់ថា មនុស្សប្រមាណ ១៥-៣០% ផ្ទុកជំងឺស្វាយ ប៉ុន្ដែមិនបានព្យាបាលនោះទេ រហូតវិវត្តជាផលវិបាកធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]