បារីអេឡិចត្រូនិក (E-cigarette) បានក្លាយជាកង្វល់មួយរបស់អាមេរិក ដោយវាបានបណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់ និងបង្កជំងឺសួតធ្ងន់ធ្ងររាប់រយករណីទៀត។
អាជ្ញាធរសុខាភិបាលរដ្ឋ Oregon របស់អាមេរិក បានប្រកាសករណីស្លាប់បណ្ដាលមកពីការជក់ E-cigarette កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ អ្នកជំងឺដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានស្លាប់ដោយជំងឺសួតធ្ងន់ធរ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយពេលនេះ អាជ្ញាធរ កំពុងស៊ើបអង្កេតលើករណីនេះ។
នេះជាករណីស្លាប់ទី២ នៅអាមេរិក បន្ទាប់ពីករណីស្លាប់ទី១ ត្រូវប្រកាសដោយក្រសួងសុខាភិបាល កាលពីសប្ដាហ៍មុន ដែលកើតឡើងនៅរដ្ឋ Illnois។
អាជ្ញាធរសុខាភិបាលរដ្ឋ Oregon បន្ថែមថា នៅមានជំងឺប្រព័ន្ធដង្ហើម ប្រមាណជាង ២០០ករណីទៀត បណ្ដាលមកពីការជក់បារីអេឡិចត្រូនិក។ ទោះយ៉ាងណា អាជ្ញាធរ ពុំទាន់អាចកំណត់ពីសមាសធាតុគីមី ក្នុងបារីអេឡិចត្រូនិក ដែលបង្កជំងឺសួតធ្ងន់ធ្ងរ និងករណីស្លាប់នៅឡើយទេ។
រោគសញ្ញានៃជំងឺសួត ដែលកើតលើអ្នកជំងឺ រួមមាន ពិបាកដង្ហើម និងឈឺទ្រូង។ អ្នកជក់បារីអេឡិចត្រូនិកខ្លះ ក៏កើតជំងឺក្រពះ-ពោះវៀនដែរ ដែលមានរោគសញ្ញាដូចជា ក្អួត រាក គ្រុនក្តៅ និងអស់កម្លាំង។
អត្ថបទពាក់ព័ន្ធ៖ E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ
ដោយសារករណីស្លាប់ និងជំងឺបណ្ដាលមកពីការជក់បារីអេឡិចត្រូនិក បន្ដកើនឡើង ហើយមូលហេតុបង្កពិតប្រាកដ ក៏ពុំទាន់រកឃើញ ដូច្នេះ អាជ្ញាធរតាមបណ្ដារដ្ឋមួយចំនួន ក៏គ្រោងដាក់បម្រាមលើការជក់បារីអេឡិចត្រូនិកផងដែរ។ Michigan បានក្លាយជារដ្ឋដំបូងគេ ដាក់បម្រាប់លើការជក់បារីអេឡិចត្រូនិក ដែលមានក្លិន (Flavored e-cigarettes) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]