ជំងឺខាន់ស្លាក់ សឹងតែលែងកើតមានទៅហើយនៅតាមបណ្ដាប្រទេសជាច្រើន ដោយសារការចាក់វ៉ាក់សាំងបង្ការ មានប្រសិទ្ធភាពខ្ពស់។ តែនៅវៀតណាម មានក្មេងស្រីម្នាក់ បានស្លាប់ដោយជំងឺខាន់ស្លាក់ កាលពីសប្ដាហ៍មុន ហើយមនុស្សរាប់ពាន់នាក់ ប្រឈមឆ្លងជំងឺនេះ។
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីករណីស្លាប់ដោយជំងឺខាន់ស្លាក់ លើកដំបូងក្នុងឆ្នាំ២០១៩ កាលពីថ្ងៃទី៤ ខែកញ្ញា។ អ្នកជំងឺខាន់ស្លាក់ មានអាការៈអស់កម្លាំង និងពិបាកដកដង្ហើម។ ចំណែកម្ដាយឪពុក និងអ្នករស់នៅជិតខាងផ្ទះរបស់អ្នកជំងឺ រកឃើញថា មានផ្ទុកជំងឺខាន់ស្លាក់ ក្រោយការធ្វើតេស្ដឈាម។
ក្រសួងដដែលបន្ថែមថា មនុស្ស ប្រមាណ ៧.០០០នាក់ អាយុពី ៧-៤៥ឆ្នាំ ដែលរស់នៅជុំវិញផ្ទះក្មេងស្រី ស្លាប់ដោយជំងឺខាន់ស្លាក់ ប្រឈមខ្ពស់នឹងការឆ្លងជំងឺនេះ។ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា អាជ្ញាធរសុខាភិបាលវៀតណាម បានចាក់វ៉ាក់សាំងជំងឺខាន់ស្លាក់ ឲ្យមនុស្ស ១.០០០នាក់។
គួរបញ្ជាក់ថា ជំងឺខាន់ស្លាក់ ជាជំងឺបង្កឡើងដោយបាក់តេរី ហើយងាយឆ្លង ដោយចម្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត តាមរយៈខ្យល់ ដែលចេញការក្អក ឬកណ្ដាស់។ រោគសញ្ញានៃជំងឺនេះ រួមមាន ក្តៅខ្លួនខ្លាំង ស្អកក ហើមក្រពេញនានានៅកញ្ចឹងក និងលែងឃ្លានអាហារ។ បើធ្ងន់ធ្ងរ វាបណ្ដាលឲ្យពិបាកដកដង្ហើម រលាកសួត ខូចសរសៃប្រសាទ ខ្វិន និងខូចសាច់ដុំបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]