ស្ត្រីគ្រប់រូប អាចទទួលបានសេវាសុខភាពពេញលេញ ទៅតាមស្តង់ដារវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យស្ត្រីនគរទេព ដែលជាមន្ទីរពេទ្យសម្រាប់ស្ត្រីដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិក មន្ទីរពេទ្យស្ត្រីនគរទេព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមន្ទីរពេទ្យស្ត្រីនគរទេព និងមន្ទីរពេទ្យផាយ៉ាថៃ ៣ ព្រឹកមិញនេះ។
ដោយឡែកសម្រាប់ស្ត្រីដែលមានប័ណ្ណក្រីក្រ ខាងមន្ទីរពេទ្យនឹងផ្តល់ជូនកញ្ចប់ពិសេស (ចំពោះស្ត្រីក្រីក្រ) ដើម្បីផ្តល់លទ្ធភាពឲ្យស្ត្រីទាំងអស់ទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា កម្មវិធីថែទាំសុខភាពស្ត្រីនៅមន្ទីរពេទ្យនេះ គឺផ្តោតលើការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺទូទៅរបស់ស្ត្រី និងរោគស្ត្រី។ បច្ចុប្បន្ននេះមានសេវាពិគ្រោះ និងពិនិត្យ៖
- ជំងឺក្រៅ (out patients)
- សេវាសង្គ្រោះបន្ទាន់ Screening រកជំងឺមហារីកសុដន់ និងមហារីកដៃស្បូន
- មានមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ ដែលពិនិត្យឈាមរកមេរោគ HPV-DNA រកភាពមិនប្រក្រតីលើទារក និងវិភាគរូបភាព ដូចជាអេកូសាស្ត្រ ថតឆ្លុះសុដន់ ថតកាំរស្មី X និងការថែទាំផ្ទៃពោះ មុននិងក្រោយសម្រាល។
ធ្វើបទបង្ហាញអំពីមន្ទីរពេទ្យស្ត្រីនគរទេពក្នុងពិធីនោះដែរ កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ ថា ទៅថ្ងៃខាងមុខមន្ទីរពេទ្យនឹងមានសេវាព្យាបាលជំងឺមហារីកស្រ្តី ដូចជា ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដើម ដែលជំងឺទាំង២នេះកំពុងចោទជាបញ្ហាប្រឈមនឹងសុខភាពរបស់ស្ត្រីនាពេលបច្ចុប្បន្ន។
ចំណែកលោកវេជ្ជបណ្ឌិត Suraphol Losiriwat នាយកមន្ទីរពេទ្យ ផាយ៉ាថៃ៣ បានលើកឡើងថា ការចាប់ដៃគូជាមួយមន្ទីរពេទ្យស្រ្តីនគរទេព នេះ ដោយសារតែលោកមើលឃើញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យគឺជួយស្ត្រី និងសង្គមច្រើន ហើយខាងមន្ទីរពេទ្យលោកក៏ចង់ចូលរួមចំណែកជួយសង្គមដូចគ្នា។
កិច្ចសហការជាមួយមន្ទីរពេទ្យក្រៅប្រទេសនេះ ដើម្បីផ្លាស់ប្តូរចំណេះដឹង ការបណ្តុះបណ្តាលធនធានមនុស្ស និងភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់បង្គ្រប់ការព្យាបាល ធ្វើយ៉ាងណាជួយសម្រួលឲ្យអ្នកជំងឺទទួលបានការព្យាបាលពេញលេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]