ទីក្រុងសៀងហៃ ភាគកើតប្រទេសចិន កាលពីពេលថ្មីៗនេះ បានសម្ពោធមន្ទីរពិសោធ និងជារោងចក្រផលិតកោសិកាប្រព័ន្ធស៊ាំមនុស្ស ដើម្បីផ្តល់ជាការព្យាបាលដល់អ្នកជំងឺមហារីក។
តាមប្រភពព័ត៌មានស៊ីនហួរប្រទេសចិន អ្វីដែលគួរឱ្យកត់សម្គាល់ គឺរោងចក្រនេះ នឹងមានសមត្ថភាពផលិតកោសិកាប្រឆាំងមហារីក លើប្រភេទជំងឺមហារីកធំៗ ដូចជា ប្រភេទកោសិកាមហារីកឈាមស B-Cell និងកោសិកាសាច់មហារីកផ្សេងៗទៀត។ នីតិវិធីប្រើប្រាស់កោសិកាបានផលិតរួច ទៅព្យាបាលមហារីកនោះហៅថា បច្ចេកទេស CAR-T therapy ដែលតម្រូវឱ្យយកកោសិកាប្រព័ន្ធស៊ាំរបស់អ្នកជំងឺទៅផ្សាំក្នុងឡាបូពិសោធ ដោយចងភ្ជាប់ជាមួយប្រូតេអ៊ីន (Chimeric Antigen) ដែលមានសមត្ថភាពប្រឆាំងមហារីក រួចចាក់បញ្ចូលក្នុងឈាមរបស់អ្នកជំងឺវិញ។
ទោះជាវីធីខាងលើមានប្រសិទ្ធភាព តែតម្លៃព្យាបាលរបស់វា គឺខ្ទង់ជាងបីសែនដុល្លារអាមេរិក ដែលតម្រូវឱ្យអ្នកជំងឺមហារីកមានលទ្ធភាពចំណាយច្រើន។ ប៉ុន្តែការបង្កើតរោងចក្រ នៅសៀងហៃនោះ ត្រូវគេរំពឹងថា នឹងជួយបន្ថយតម្លៃការព្យាបាលតាមនីតិវិធីខាងលើ។
ក្រៅពីការព្យាបាលមហារីកដោយប្រើថ្នាំ កាំរស្មីវិទ្យុសកម្ម ការវះកាត់ បច្ចេកទេស CAR-T therapy ជាវិធីមួយដែលកំពុងទទួលការចាប់អារម្មណ៍ដោយសារប្រសិទ្ធភាពរបស់វា ទោះជាតម្លៃថ្លៃក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖
ដោយឡែក រោងចក្រពិសោធន៍ និងផលិតកោសិកាប្រឆាំងមហារីកដែលនឹងដំណើរការនៅឆ្នាំ២០២០ខាងលើ មានឈ្មោះថា Fosun Kite Biotechnology ស្ថិតនៅឧទ្យាន Hi-Tech Park នៃក្រុងសៀងហៃប្រទេសចិន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]