១៧ មករា ២០១៩ ជាថ្ងៃដែល វេបសាយ “ហេឡូ គ្រូពេទ្យ‘ (Hellokrupet.com) បើកដំណើរការ។ ខ្ញុំចេញអត្ថបទ ថ្ងៃនេះ (១៧ មករា ២០២០) ជាថ្ងៃ គម្រប់ខួប ១ឆ្នាំ គត់របស់យើង ដើម្បីបង្ហាញពីដំណើរការ និងសមិទ្ធផលការងារ ខ្លះៗ ដែលសម្រេចបាន។ រាល់ការបង្កើតថ្មី (Startup) មិនមែនជារឿងងាយស្រួលទេនៅលើទីផ្សារ មិនថាអ្វីក៏ដោយ។
“ហេឡូ គ្រូពេទ្យ‘ ពិតជាក្មេងខ្ចីមែនទែន ក្នុងចំណោមបណ្ដាសារព័ត៌មានអាជីព កំពុងដំណើរការនៅកម្ពុជា ដែលផ្ដោតសំខាន់លើតែ ផ្នែកសុខភាពសុទ្ធសាធ និងក្រុមហ៊ុនមួយស្ថិតក្រោមក្រុមហ៊ុនមេ Hello Health Group (HHG) មានបណ្ដាញសារព័ត៌មានជាច្រើនកំពុងដំណើរការតាមប្រទេសមួយចំនួនដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា កោះតៃវ៉ាន់ និងឥណ្ឌា។
ឆាប់ៗនេះ HHG ត្រៀមដំណើរការវេបសាយ សុខភាពនេះ នៅ បីទីផ្សារទៀត មាន ហុងកុង បង់ក្លាដេស និងប៉ាគីស្ថាន ដើម្បីបង្កើនវិសាលភាពរបស់ខ្លួន ក្នុងនាមជាបណ្ដាញសារព័ត៌មានវិជ្ជាជីវៈផ្នែកសុខភាព ដោយក្រុមការងារ លើទីផ្សារទាំងអស់របស់ HHG សុទ្ធតែមានក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិតចូលរួម ក្រៅពីសមាសភាពអ្នកសារព័ត៌មាន។
ក្រុមការងារ “ហេឡូ គ្រូពេទ្យ’
ខាងក្រោមនេះ ជាស្នាដៃ មួយចំនួនដែលបានមកពីការគាំទ្រ ការផ្ដល់តម្លៃ និងឈឺឆ្អាលរបស់បងប្អូន ចំពោះ ក្រុមការងារ(Hellokrupet) យើង៖
–ដៃគូព័ត៌មានផ្លូវការ៖ វេបសាយធំៗ ក្នុងស្រុកស្ទើរទាំងអស់ វាយតម្លៃខ្ពស់ បង្ហាញពីភាពជឿទុកចិត្ត លើហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារ គុណភាព និងវិជ្ជាជីវៈរបស់ Hellokrupet ។ ខ្ញុំបានជជែក ជាមួយបណ្ដានិពន្ធនាយកនានា ជាការឆ្លើយតប យើងទទួលបានការសាទរ ក្នុងកិច្ចសហការនានា ដើម្បីជាប្រយោជន៍មិនអាចកំណត់បាន ចំពោះបងប្អូនអ្នកអាន ដែលតែងនិយមតាមដានស្ថាប័ននិមួយៗស្រាប់។ ចំណុចរួមមួយដែលខ្ញុំមើលឃើញពី មាតិកា ព័ត៌មានផ្នែកសុខភាព ស៊ីជម្រៅ ដោយមានការចូលរួមពីក្រុម គ្រូពេទ្យ ជាអ្នកផលិត ឬពិនិត្យ គឺភាគច្រើនពួកគាត់ (ស្ថាប័នព័ត៌មាន) ដូចគ្នាគឺនៅមានចន្លោះប្រហោង។ ហើយតួនាទី និងវត្តមាន ការចាប់ដៃសហការគ្នានេះ យើងផ្ដល់អត្ថបទព័ត៌មានដែលយើងបានផលិតរួចហើយ ឲ្យពួកគាត់ប្រើប្រាស់ អាចនឹងជួយបន្ថែមមាតិកា ខាងសុខភាព និងទាញអ្នកអានថែមទៀត សម្រាប់វេបសាយពួកគាត់។
ដូចខ្ញុំបញ្ជាក់តាំងពីដើមទីថា Hellokrupet ជាស្ថាប័នវេបសាយស្ដីពីគន្លឹះសុខភាពសុទ្ធសាធ មិនមែនព័ត៌មានទាន់ហេតុការណ៍ ឬកម្សាន្តអ្វីទេ។ ដូច្នេះហើយ យើងមិនមែនជាដៃគូចូលមកប្រជែង ជាមួយបណ្ដាស្ថាប័នសារព័ត៌មានចាស់ទុំ ដែលពួកគាត់ មានក្រុមការងារធំ ហើយធ្វើការច្រើនជាងយើងឆ្ងាយទេ។ ខ្ញុំសប្បាយចិត្ត ហើយនិងមានមោទនភាពណាស់ ចំពោះការជឿជាក់របស់ថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងអស់ជាដៃគូយើង ចំពោះការយកព័ត៌មានដែលយើងបានផលិត បានចេញផ្សាយ យកទៅប្រើប្រាស់ ផ្សាយបន្ត ធ្វើម៉េចឲ្យអ្នកអានបានទទួលចំណេះដឹង ឬពញ្ញាក់អារម្មណ៍ចំពោះសុខភាពរបស់ពួកគាត់។
ទាំងនេះជាដៃគូសារព័ត៌មានដែលបានសហការជាមួយ “ហេឡូ គ្រូពេទ្យ’៖
សូមអរគុណបងប្អូនដែលជឿជាក់ និងតែងតែតាមដាន អាន សួរនាំ ជជែកដេញដោលច្រើន ជាមួយ យើង (Hellokrupet) ពីវេបសាយនេះបានចម្លង ឬវេបសាយនោះចម្លងនាពេលកន្លងមក។ ដូច្នេះ និយាយដល់រឿងទំនុកចិត្ត គឺអ្នករាល់គ្នានៅអាចតែជឿជាក់បានដដែល ព្រោះសារព័ត៌មានទាំងអស់ យើងបានព្រមព្រៀងគ្នាថា មិនកែខ្លឹមសារ ឬលេងចំណងជើងដូចអត្ថបទព័ត៌មានទូទៅទេ ដូចស្ថាប័នមួយចំនួនចង់បាន គេចុចចូលមើលច្រើនទេ ព្រោះយើងជាស្ថាប័នប្រកាន់វិជ្ជាជីវៈខ្ពស់ ផ្នែកសុខភាព ហើយរាល់អត្ថបទបច្ចេកទេស គឺសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារជាឱសថការី និងវេជ្ជបណ្ឌិត មុនចេញផ្សាយ។ ខ្ញុំក៏សង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នដទៃ ក៏យល់ពីគុណតម្លៃនៃកិច្ចសហការនេះ។
–សំណួររាប់ពាន់ពីប្រិយមិត្ត៖ មួយឆ្នាំគត់នេះ (១៧ មករា ២០១៩–១៧ មករា ២០២០) នេះ ខ្ញុំភ្ញាក់ផ្អើលដែរ ដែលយើងទទួលបានសំណួរតាមរយៈការផ្ញើចូលប្រអប់សារពីប្រិយមិត្តយើង រាប់ពាន់សំណួររាល់ខែ ហើយខែខ្លះ លោតជិតដល់៥ពាន់សំណួរ។ យើងព្យាយាមឲ្យអស់ពីលទ្ធភាព រាល់សំណួរដែលបងប្អូនសួរ យើងមិនទុកចោល ហើយព្យាយាមឆ្លើយតប ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន។ ច្បាស់ហើយ យើងពិតជាមិនអាចជួយ អ្នកទាំងអស់គ្នា បាន ១០០% ទេ តែអ្វីដែលយើងអាចធ្វើបានគឺ ផ្ដល់ការប្រឹក្សា ក្នុងកម្រិតអតិបរមាមួយ ដើម្បីជាជំនួយ និងជាគន្លឹះ ក្នុងការដោះស្រាយរាល់បញ្ហា ឬចម្ងល់ទាំងនោះ។ ភាគច្រើននៃសំណួរ ចម្លើយ គឺមិនមែន Yes/No ហើយឆ្លើយតែមួយមាត់ចប់ទេ គឺជាភាគ និងជាកម្រងសំណួរ–ចម្លើយ។
រាល់សំណួរមួយចំនួន យើងបកស្រាយតាមរយៈវីដេអូ ក្នុងកម្មវិធីថ្មីរបស់យើង៖ សួស្ដីគ្រូពេទ្យ
អ្វីដែលខ្ញុំកាន់តែភ្ញាក់ផ្អើលទៅទៀត នោះគឺ មានគ្នាយើងខ្លះទៀត បានថតរូប កន្លែងមានបញ្ហា (ពេលខ្លះ អាចជាប្រដាប់ភេទ) ផ្ញើមកដើម្បីពន្យល់យើងបន្ថែមពីបញ្ហាដែលគាត់កំពុងមាន។ នេះជាភាពក្លាហានមួយ ហើយខ្ញុំក៏លើកទឹកចិត្ត ឲ្យបងប្អូន ដែលប្រកាន់ការខ្មាសអៀន មួយចំនួន មិនហ៊ានធ្វើបែបនេះ (ព្រោះខ្លាចខ្មាសគេ) ទាំងខ្លួនមានបញ្ហា មានជំងឺ (ទោះបរិវេណប្រដាប់ភេទក៏ដោយ) ត្រូវហ៊ានសួរនាំ ហ៊ានទៅរកពេទ្យ ឲ្យពេទ្យឆែក ពិនិត្យ និងព្យាបាល។ នេះជាគ្រោះថ្នាក់ ចៀសមិនបាន។ រាល់ការឆ្លើយឆ្លង ក្រុមការងារយើង ធានាថាមិនចែករំលែក បង្ហាញអត្តសញ្ញាណ របស់បងប្អូន ជាសាធារណៈឡើយ លើកលែងយើងទទួលបានការអនុញ្ញាត។
វីដេអូស្ដីពីការបកស្រាយសំណួររបស់ប្រិយមិត្ត
–មិនជឿថា យើងទើបដំណើរការបាន ១ឆ្នាំ៖ Hellokrupet ទាំងវេបសាយ ឬFacebook page យើងទើបដំណើរការ ផ្លូវការនៅកម្ពុជា ដើមឆ្នាំ ២០១៩ ប៉ុន្តែមានបងៗក្នុងបណ្ដាញសារព័ត៌មាន ព្រមទាំងអតិថិជន ដែលជឿជាក់និងផ្សព្វផ្សាយយីហោរបស់ខ្លួនជាមួយ Hellokrupet ជជែកជាមួយខ្ញុំថា ពួកគាត់ពិតជាមិនជឿថា អ្វីដែលយើងបានបង្កើត ទើបតែបាន ១ឆ្នាំទេ គួរតែប្រើពេលយូរជាងនេះ។
–ស៊េរីវែបចាំតែលួចចម្លង និងស្ថាប័នធំក្ដី៖ ដូចបញ្ជាក់ខាងលើ អ្នកចាំលួចចម្លង ដោយមិនចង់បញ្ចេញកម្លាំង បញ្ចេញការគិត ឬបង្កើតថ្មី ដោយខ្លួនឯង ព្រោះគេដឹងថា រាល់ការបង្កើតសមិទ្ធផលអ្វីមួយ សុទ្ធតែមិនងាយស្រួល ឬមិនអស់មួយកាក់១សេនណាដូចចាំតែចម្លង។ នេះខ្ញុំរាប់តែ វេបសាយក្ដិបៗ ប៉ុន្តែក្នុងនោះ ក៏មានម្ចាស់ និងថ្នាក់ដឹកនាំ ស្លាកយីហោធំ ជំនួញ អាចថារាប់លានដុល្លារ នៅតែយកខ្លឹមសាររបស់យើងទៅប្រើ កែនេះ កែនោះ ដោយមិនជជែកជាមួយយើង ជាម្ចាស់កម្មសិទ្ធិ។
ក្រោយមកក៏មានការពិភាក្សាខ្លះ ប៉ុន្តែក្នុងន័យទទូចសុំ ដោយមិនចង់ចំណាយជាដើម។ ការលួចចម្លងនេះ ខ្ញុំឈឺក្បាលដូចបងៗ ជាថ្នាក់ដឹកនាំ សារព័ត៌មានក្នុងស្រុកនានាជាច្រើនទៀតអ៊ីចឹង ដូចកាលខ្ញុំនៅកាន់តួនាទីជានិពន្ធនាយកគេហទំព័រ Sabay ម៉្លេះ។
–ពានធំ មិននឹកស្មានដល់៖ ក្នុងនាមជាក្រុមហ៊ុន startup បើកដំណើរការថ្មីថ្មោង មានអាយុខ្ចីជាង បណ្ដាក្រុមហ៊ុននានា រហូតដល់៦៣ (បូកទាំង Hello Health Group ៦៤) ចូលរួមការប្រកួតប្រជែងក្នុងពាន Most Innovative HealthTech Startup in Asia ប្រចាំទ្វីបអាស៊ី លើការជែងឈ្នះ បណ្ដាញក្រុមហ៊ុនធំៗ មកពីបណ្ដាប្រទេសធំៗ ជាច្រើនបូករួមទាំង ឥណ្ឌា និងអូស្ត្រាលី ជាដើម ក្រៅពីប្រទេសអាស៊ាន។ អានលម្អិត
ថ្នាក់ដឹកនាំរបស់ HHG ក្នុងថ្ងៃទទួលពានរង្វាន់ The Most Innovative HealthTech Startup 2019 ប្រចាំទ្វីបអាស៊ី
–ជាទីប្រឹក្សារបស់មូលនិធិគន្ធបុប្ផាលើផ្នែកឌីជីថល៖ ភាពក្ដុកក្ដួល និងមោទនភាពដែល លោកវេជ្ជបណ្ឌិត រិចនឺ មានលះបង់ និងជួយបងប្អូន ទារក កុមារ និងមាតា រាប់លាននាក់ក្នុង១ឆ្នាំៗ ជាអ្វីដែលយើងមិនអាចប្រកែកបាន និងស្ញប់ស្ញែងបំផុត ក្នុងនាមជាជនរួមជាតិ(ខ្មែរ) ដែលមានការលះបង់ រហូតបូជា អាយុជីវិត ដើម្បីជាតិយើង។ មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥សាខា ដំណើរការទៅបាន គឺដោយសារ “មូលនិធិគន្ធបុប្ផា‘ ដែលមានតួនាទី ស្វែងរកជំនួយ ទាំងក្នុង និងក្រៅស្រុក ទៅលើការរ៉ាប់រង ទៅលើការចំណាយនានា មិនតិចជាង ជាង ៤០លានដុល្លារ ក្នុងមួយឆ្នាំៗ។
ថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាកម្ពុជា និង ហេឡូគ្រូពេទ្យ ថ្ងៃចុះហត្ថលេខាផ្លូវការ
ជាថ្មីម្ដងទៀត ខាងយើងពិតជាសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ “មូលនិធិគន្ធបុប្ផា‘ ដែលបានមូលមតិគ្នាសម្រេចផ្ដល់ទំនុកចិត្តទាំងស្រុង លើក្រុមការងារ Hellokrupet ដែលទើបដំណើរការ និងមានអាយុក្មេងខ្ចីមួយលើទីផ្សារកម្ពុជា ជា “ទីប្រឹក្សាឌីជីថល‘ ក្នុងការជួយជាមតិ យុទ្ធសាស្ត្រឌីជីថល ដើម្បីបន្តផ្សព្វផ្សាយឲ្យបងប្អូន ខ្មែរ យើងគ្រប់ច្រកល្ហក បានដឹងពីដំណើរការ វឌ្ឍនភាព និងចូលរួមសកម្មភាព បរិច្ចាគនានា ដើម្បីបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិតបងប្អូនខ្មែរយើង តរៀងរហូតទៅ។
ត្រង់ចំណុចនេះ ខ្ញុំគិតថាបងប្អូននឹងយល់កាន់តែច្បាស់ ប្រសិនបើអ្នកធ្លាប់ទទួលបានការសង្គ្រោះសមាជិកក្នុងគ្រួសារ មិនថាក្នុងរូបភាពណា។ ក្រោយប្រជុំពិភាក្សា ក្រុមការងារយើង បានសម្រេច ដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់ ២០២០ ឲ្យ “មូលនិធិគន្ធបុប្ផា‘ ដើម្បីទៅដល់គោលដៅដែលចង់បាន តាមការប្រមើលទុកមុន។
យើងនឹងបន្តបង្កើតមាតិកា ថ្មីៗ ដើម្បីជាប្រយោជន៍ និងឆ្លើយតបទៅនឹងបញ្ហា នានារបស់បងប្អូនខ្មែរយើង។ ឆាប់ៗ នឹងមានកម្មវិធីច្រើនទៀត។
រាល់ចម្ងល់ អាចទាក់ទងមកក្រុមការងារឥឡូវនេះ!
និពន្ធនាយក
ជីព ចិត្ត
[embed-health-tool-bmi]