គ្រូពេទ្យជំនាញម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យជំនាញរបស់អាជ្ញាធរសុខាភិបាលចិន បាននិយាយថា វីរុសកូរូ៉ណាថ្មីដែលបង្កជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះគឺមានពេលសម្ងំ (Incubation period – រយៈពេលសម្ងំរស់វីរុស ដែលមិនបង្កចេញជារោគសញ្ញា ឬជំងឺនៅឡើយ) ប្រហែលជា ៧ ថ្ងៃ មុននឹងចេញជារោគសញ្ញា។
លោកវេជ្ជបណ្ឌិត ហ្គៅ ចានឆឹង បាននិយាយពីបញ្ហានេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយនឹងកម្មវិធីទូរទស្សន៍ចិន China central television កាលពីថ្ងៃអង្គារ៍។ លោកបាននិយាយថា ក្នុងចំណោមជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលកើតមានកន្លងមក គឺអ្នកជំងឺមានផ្ទុកនូវែលកូរូ៉ណាវីរុសនេះជាច្រើនថ្ងៃ ឬអាចថាជាមធ្យម ៧ ថ្ងៃ ប៉ុន្តែមិនលើសពី ១២ ថ្ងៃឡើយ ទើបលេចចេញរោគសញ្ញា។
លោកថា រោគសញ្ញាដែលឃើញមានកន្លងមករួមមានជាចំបង គឺគ្រុនក្ដៅ និងក្អកស្ងួត។ អ្នកជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះនឹងវិវត្តទៅជារោគសញ្ញាផ្សេងៗ ដូចជា ពិបាកដកដង្ហើម ឬឈឺទ្រូងនៅអំឡុងពេលចន្លោះពី ៣ ទៅ ៥ ថ្ងៃ បន្ទាប់ពីឆ្លងវីរុសកូរ៉ូណាថ្មីនេះរួច។ អ្នកជំងឺខ្លះអាចមានបញ្ហារហូតដល់ខូចប្រព័ន្ធដង្ហើមជាដើម។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២៣ មករា ២០២០ នេះ អ្នកជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះកើតដល់ ៥៤០ ករណី និងបណ្តាលឲ្យមានអ្នកស្លាប់ឡើងដល់ ១៧ នាក់ហើយ ហើយប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង អាមេរិក បានបញ្ជាក់ថាប្រទេសរបស់ខ្លួនបានរកឃើញអ្នកជំងឺផ្ទុកនូវែលកូរូ៉ណាវីរុសនេះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង
- មន្ត្រីចិន៖ ជំងឺផ្លូវដង្ហើមថ្មីឆ្លងពីមនុស្សទៅមនុស្សហើយ
[embed-health-tool-bmi]