ចត្តាឡីស័ក (ចត្តាឡី មានន័យថា ៤០ និង ស័កមានន័យថារយៈពេល) ឬជាភាសាបរទេសថា Quarantine គឺប្រើសំដៅលើការការពារកុំឲ្យជំងឺរាតត្បាតរីករាលដាលឆ្លងទៅអ្នកដទៃ ដោយដាក់អ្នកជំងឺឲ្យរស់នៅដាច់ដោយឡែកចេញឆ្ងាយពីអ្នកដទៃដែលមិនមានជំងឺ។
ពាក្យ Quarantine (ចត្តាឡីស័ក) គឺត្រូវបានប្រើប្រាស់ដំបូងនៅប្រទេស អ៊ីតាលី នៅទីក្រុងវឺនីស (Venice) ដែលសំយោគចេញ ពីពាក្យអ៊ីតាលី ថា “Quarantino” ដែលមានន័យថា ៤០ (សែសិប)។ ពាក្យនេះត្រូវបានប្រើនៅសម័យកាលជំងឺអាសន្នរោគខ្មៅ (Black plaque) ដែលកើតមាននៅតំបន់អ៊ឺរ៉ុបនៅសតវត្សទី១៤ ដោយរដ្ឋបាលក្រុងវឺនីស កំណត់ឲ្យរាល់សមាជិកនាវិក កម្មករ និងអ្នកដំណើរទាំងអស់ នៅក្នុងកប៉ាល់ដែលចូលចតកំពង់ផែនៅទីក្រុងនេះ ត្រូវស្ថិតនៅលើកប៉ាល់របស់ខ្លួន និងមិនអនុញ្ញាតឲ្យឡើងគោក ចំនួន៤០ថ្ងៃ។
នាពេលបច្ចុប្បន្ននេះ រាល់ពេលដែលមានជំងឺអាសន្នរោគរាតត្បាតម្ដងៗ រយៈពេលដែលត្រូវប្រើក្នុងការធ្វើចត្តាឡីស័ក គឺខុសៗគ្នាទៅតាមប្រភេទជំងឺ ហើយការគ្រប់គ្រង គឺមន្ត្រីរដ្ឋាភិបាលឬអ្នកបច្ចេកទេសសុខាភិបាលជាអ្នកគ្រប់គ្រងបន្ទប់ចត្តាឡីស័កនេះ។
គួរបញ្ជាក់ដែរថានៅក្នុងអំឡុងពេលដែលជំងឺផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណាថ្មីដែលផ្ទុះនៅទីក្រុងវូហានប្រទេសចិននោះ រដ្ឋាភិបាលប្រទេសជាច្រើន បានដាក់រយៈពេលក្នុងការធ្វើចត្តាឡីស័ក ដោយដាក់អ្នកធ្វើដំណើរពីប្រទេសចិនទាំងនោះ ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សិន នៅក្នុងបន្ទប់ដាច់ដោយឡែកពីគេក្នុងមន្ទីពេទ្យ ឬអគារណាមួយដាច់ដោយឡែក ហើយប្រសិនបើអ្នកដំណើរទាំងនោះមិនមានចេញរោគសញ្ញាអ្វីនោះទេ ទើបអាចអនុញាតឲ្យចេញពីបន្ទប់ចត្តាឡីស័កនោះបាន។
អត្ថបទពាក់ព័ន្ធ៖
- “ជាកាតព្វកិច្ចខ្ញុំ” សម្តីវេជ្ជបណ្ឌិតបារាំង បដិសេធចាកចេញពីទីក្រុងវូហាន
- WHO ប្រកាសអាសន្នទូទាំងពិភពលោកករណីវីរុសកូរ៉ូណាថ្មី
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]