អ្នកវិទ្យាសស្រ្តរកឃើញថាបាក់តេរីនៅក្នុងពោះវៀនអាចបង្កើនហានិភ័យជំងឺមហារីកពោះវៀនធំដោយបាត់តេរីនោះអាចបញ្ចេញជាតិពុលធ្វើឲ្យកោសិកាក្នុងពោះវៀនខូចខាត និងក្លាយជាកោសិកាមហារីក ដែលនេះជាតម្រុយមួយឈានទៅរកវីធីបង្ការជំងឺមហារីកពោះវៀនធំនាពេលអនាគត។
អ្នកវិទ្យាសាស្ត្រសង្ស័យថាបាត់តេរី E. coli នៅក្នុងពោះវៀនបានរួមចំណែកក្នុងការបង្កឲ្យកើតជំងឺមហារីកពោះវៀនធំ។ ទោះយ៉ាងណាអ្នកវិទ្យាសាស្រ្តនៅមិនទាន់ដឹងច្បាស់ថាមានប៉ុន្មានករណីនៃអ្នកកើតមហារីកពោះវៀនធំទាក់ទងទៅនឹងបាក់តេរី E. coli នេះទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រសង្ស័យថាបាក់តេរីនេះអាចជាចំណែកតូចមួយនៃករណីមហារីកពោះវៀនធំ។
ការតេស្ដលើបាក់តេរីនេះនៅមិនទាន់មាននៅឡើយទេ ហើយមនុស្សដែលមានបាក់តេរីនេះក៏មិនប្រាកដថាមានហានិភ័យនឹងកើតមានជំងឺមហារីកពោះវៀនធំដែរ។ មនុស្សមួយចំនួនអាចមានបាក់តេរីនេះនៅក្នុងពោះវៀន តែមិនមានបង្ករោគអ្វីទេ។ នេះមិនមែនជាលើកទីមួយទេដែលជំងឺបង្កដោយមេរោគមានទំនាក់ទំនងនឹងមហារីក។
បាក់តេរី E.coli មានច្រើនប្រភេទខុសៗគ្នា និងខ្លះមាននៅក្នុងពោះវៀនដែលក្លាយជាផ្នែកមួយរបស់បាក់តេរីល្អនៅក្នុងពោះវៀន។ អ្នកវិទ្យាសាស្ត្រមកពីប្រទេសហូឡង់ អង់គ្លេស និងអាមេរិកបានសិក្សាទៅលើសំណាកតូចៗដែលយកចេញពីពោះវៀន ហើយធ្វើតេស្ដលើឥទ្ធិពលជាតិពុលលើកោសិកាទាំងនោះ បន្ទាប់មកធ្វើការប្រៀបធៀបការខូចខាតមានលើសំណាកមហារីកពោះវៀនធំដែលយកពីអ្នកជំងឺ និងបានរកឃើញមានភាពដូចគ្នាប្រហែល៥%។
មហារីកពោះវៀនធំមានរោគសញ្ញាដូចជា៖
-
ផ្លាស់ប្ដូរនៃទម្លាប់ការបន្ទោរបង់ដោយបន្ទោរបង់ញឹកញាប់ដែលលាមកទន់ខ្លាំងខុសធម្មតា និងពេលខ្លះឈឺពោះ
-
មានឈាមពេលបន្ទោរបង់ដោយមិនមានរោគសញ្ញាផ្សេង ឬ រលាកនៅកន្លែងណាមួយ
-
ឈឺពោះ ហើមពោះពេលញ៉ាំអាហារ និងពេលខ្លះការថយចុះនៃបរិមាណអាហារ និងការស្រកទម្ងន់។
មនុស្សភាគច្រើនមានរោគសញ្ញានេះ ប៉ុន្តែក៏អាចមិនមែនជាជំងឺមហារីកពោះវៀនធំទេ។ ប៉ុន្តែភ្នាក់ងារសុខាភិបាលជាតិប្រទេសអង់គ្លេស (NHS) បានណែនាំថា ប្រសិនជាមានអាការៈនេះលើសពីបួនសប្ដាហ៍គួរទៅពិនិត្យ និងពិគ្រោះនឹងគ្រូពេទ្យ។
សាស្ត្រាចារ្យ Hans Clevers មកពីវិទ្យាស្ថាន Hubrecht នៅប្រទេសហូឡង់ដែលបានចូលរួមក្នុងការសិក្សានេះបានលើកឡើងថា នេះជាលើកទីមួយដែលបានរកឃើញនូវលំនាំការខូចខាតនៃហ្សែនក្នុងមហារីកពោះវៀនធំដែលបង្កឡើងដោយបាក់តេរីរស់នៅក្នុងពោះវៀន។ បាក់តេរីផ្សេងទៀតក្នុងពោះវៀនក៏អាចបង្ករោគដូចនេះដែរ។ ប៉ុន្តែការរកឃើញនេះនឹងជួយឲ្យដឹងបន្ថែមពីតួនាទីរបស់បាក់តេរីក្នុងពោះវៀន និងអាចជួយក្នុងការរកឃើញ និងបង្ការជំងឺមហារីកពោះវៀនធំនាពេលអនាគត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕