អត្រាអ្នកឆ្លងវីរុស COVID-19 មានការកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ តែនៅតំបន់ផ្ទុះវីរុស COVID-19 ក្នុងប្រទេសចិនឯណោះវិញអត្រាឆ្លងមានត្រឹមតែ៨នាក់់នៅថ្ងៃនេះ។
ក្រោយពីករណីអ្នកឆ្លងវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនជាង១១០០នាក់ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសបិទការធ្វើដំណើរពីប្រទេសនានានៅទ្វីបអឺរ៉ុបចូលមកអាមេរិកលើកលែងតែប្រទេសអង់គ្លេសដែលមានរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃសុក្រនៅម៉ោង១២ព្រឹក។ លោកក៏បានបន្ថែមទៀតថា វិធានការណ៍ថ្មីក៏ត្រូវបានអនុវត្តទៅលើពាណិជ្ជកម្ម និងទំនិញដែលមានបរិមាណច្រើន និងរបស់របរផ្សេងទៀត។
បន្ថែមពីនេះទៀត សាលារៀននៅរដ្ឋវ៉ាស៊ីនតោនបានប្រកាសបិទរយៈពេលពីរសប្ដាហ៍ និងរដ្ឋាភិបាលបានហាមឃាត់ការជួបជុំដែលមានមនុស្សច្រើនជាង២៥០នាក់នៅទីក្រុង Seattle។ ការប្រកួតកីឡា និងកម្មវិធីទូរទស្សន៍ផ្សេងៗក៏នឹងធ្វើឡើងដោយមិនមានទស្សនិកជន។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានហាមប្រជាជនខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសនៅទ្វីបអឺរ៉ុប។
នៅប្រទេសអ៊ីតាលីក៏បានប្រកាសបិទប្រទេសទាំងមូលកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះ និងបានប្រកាសប្រាប់ប្រជាជនឲ្យនៅផ្ទះ ហាមឃាត់ការជួបជុំនៅទីសាធារណៈ និងកម្មវិធីប្រកួតបាល់ទាត់។ ការធ្វើដំណើរនៅក្នុងប្រទេសត្រូវបានហាមឃាត់ លុះត្រាតែក្នុងករណីមានការងារបន្ទាន់ ឬមូលហេតុទាក់ទងនឹងសុខភាព។ ការរៀបអាពាហ៍ពិពាហ៍ និងបុណ្យសពក៏មិនអនុញ្ញាតឲ្យធ្វើអំឡុងពេលបីសប្ដាហ៍នៃការធ្វើចត្តាឡីស័ក។ ភោជនីយដ្ឋាន និងក្លឹមស្សាន្តត្រូវបិទនៅម៉ោង៦ល្ងាច។ ទោះបីមានការបិទប្រទេសទាំងមូលក៏ដោយ ជនជាតិអ៊ីតាលីនៅប្រទេសផ្សេងក៏អាចត្រលប់មកផ្ទះវិញបាន។
នៅថ្ងៃទី១១ ខែមីនា លោក Giuseppe Conte នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីក៏បានប្រកាសឲ្យហាងទំនិញទាំងអស់បិទទ្វារ លើកលែងតែឱសថស្ថាន និងហាងអាហារ។ ប្រទេសអ៊ីតាលីគឺជាប្រទេសមួយដែលមានករណីឆ្លងវីរុស COVID-19 ច្រើនជាងគេបន្ទាប់ពីប្រទេសចិនដែលអ្នកឆ្លងមានជាង ១២០០០ករណី និងអ្នកស្លាប់មាន ៨២៧នាក់។
ប្រទេសអ៊ីរ៉ង់ក៏ជាប្រទេសមួយដែលមានអត្រាឆ្លងច្រើនដែរដែលបច្ចុប្បន្នមានករណីឆ្លង ៩០០០នាក់ និងអ្នកស្លាប់ ៣៥៤នាក់។ ប្រទេសអ៊ីរ៉ង់មិនទាន់វិធានការណ៍ធ្វើចត្តាឡីស័កជាផ្លូវការនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានអំពាវនាវឲ្យប្រជាជនផ្អាកការធ្វើដំណើរដោយបិទសាលារៀន សាកលវិទ្យាល័យ និងសណ្ឋាគារសម្រាប់ទេសចរដើម្បីបញ្ឈប់ការធ្វើដំណើរ។
ដោយឡែកនៅថ្ងៃទី១២ ខែមីនានេះ ប្រទេសចិនបានប្រកាសថារកឃើញអ្នកឆ្លងថ្មីនៃវីរុស COVID-19 នៅខេត្តហ៊ូប៉ី កន្លែងផ្ទុះវីរុសនេះមានត្រឹមតែ៨នាក់ប៉ុណ្ណោះ។ នេះជាលើកដំបូងដែលអត្រាឆ្លងនៅតំបន់ដែលផ្ទុះការឆ្លងមុនគេមានតួលេខត្រឹមតែមួយខ្ទង់។ រីឯនៅតំបន់ផ្សេងទៀតក្នុងប្រទេសចិនអត្រាអ្នកឆ្លងក្នុងស្រុកក៏មានការថយចុះដែររយៈពេល៧ថ្ងៃកន្លងទៅនេះ នេះជាលទ្ធផលនៃការអនុវត្តវិធានការណ៍ហាមឃាត់ការធ្វើដំណើររបស់ប្រជាជន រួមទាំងការបិទទីក្រុងអ៊ូហានដែលជាប្រភពផ្ទុះវីរុសនេះ។
ក្រៅពីខេត្តហ៊ូប៉ី នៅតំបន់ផ្សេងទៀតក្នុងប្រទេសចិនមានករណីឆ្លងថ្មី៧ករណីដែលក្នុងនោះ៦ករណីគឺមកពីប្រទេសក្រៅ។ ដូចនេះ បច្ចុប្បន្នអត្រាអ្នកឆ្លងសរុបនៅប្រទេសចិនមានចំនួន ៨០ ៧៩៣ករណី ក្នុងនោះអ្នកជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យមាន ៦២ ៧៩៣នាក់ រីឯអ្នកស្លាប់មាន ៣ ១៦៩នាក់។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោកមានជាង ១២៥ ០០០ករណី និងអ្នកស្លាប់ ៤ ៦២៣នាក់។
អត្ថបទពាក់ព័ន្ធ៖
- ប្រទេសជាង១១០ឆ្លងCOVID-19 WHO ប្រកាសចាត់ទុកជាជំងឺរាតត្បាតពិភពលោក
- ហេតុអីពាក់ម៉ាសតែមួយមុខ មិនអាចការពារវីរុស COVID-19 បាន?
- ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ
- វីរុស Covid-19 អាចសម្ងំក្នុងខ្លួនយើងដល់ទៅ ២៧ថ្ងៃ ទើបចេញរោគសញ្ញា
- ការសិក្សា៖ វីរុស COVID-19 អាចចម្លងលឿនដូចផ្តាសាយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]