ក្រោយកម្ពុជាចាប់ផ្តើមមានការរាតត្បាតដោយវីរុស COVID-19 តម្រូវការឧករណ៍ការពារមេរោគមានការកើនឡើងដូចជា ម៉ាស ទឹកលាងដៃ ឬអាល់កុលជាដើម។ គណៈឱសថការីកម្ពុជាបានឲ្យដឹង នៅថ្ងៃទី១៨ ខែមីនានេះថា ឱសថស្ថាន ឱសថស្ថានរងមួយចំនួនបានទិញអាល់កុលពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដាមកលក់ឲ្យប្រជាពលរដ្ឋនៅក្នុងពេលដែលចាំបាច់ទប់ស្កាត់ការឆ្លងមេរោគ COVID-19។
ដោយសង្កេតឃើញបែបនេះ ក្រសួងសុខាភិបាលបានចេញការណែនាំដល់ម្ចាស់ឱសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរងក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តដូចតទៅ៖
-ឱសថការីទទួលបន្ទុកបច្ចេកទេសត្រូវគ្រប់គ្រងឱសថស្ថានរបស់ខ្លូន ដោយអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។
-គ្រប់ឱសថស្ថាន ឱសថស្ថានរង ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ដោយមានវិក័យប័ត្ររក្សាទុកត្រឹមត្រូវដើម្បីឲ្យក្រសួងសុខាភិបាលអាចតាមដាន ក៏ដូចជាស្វែងរកប្រភពជាក់លាក់ នៅពេលដែលរកឃើញថាអាល់កុលនោះពុំមានគុណភាពត្រឹមត្រូវ។
ប្រសិនក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ឬឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរងណាមិនអនុវត្តតាមការណែនាំនេះ ក្រសួងសុខាភិបាលនិងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ដែលមានជាធរមាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]