ប្រទេសមួយចំនួនជុំវិញពិភពលោក ពិសេសចិនដែលជាប្រទេសប្រភពដើមកើតជំងឺ បានព្យាបាលអ្នកជំងឺ COVID-19 ឲ្យជាសះស្បើយជាបន្តបន្ទាប់ ដោយប្រើឱសថព្យាបាល (រួមមានឱសថប្រឆាំងនឹងវីរុសមួយចំនួន និងឱសថ Cloroquine Phosphate) ការព្យាបាលគាំទ្រ និងព្យាបាលតាមរោគសញ្ញា។ ដោយឡែកនៅកម្ពុជាវិញ ការព្យាបាលផ្អែកទៅលើ ៦ ចំណុចខាងក្រោម នេះបើតាម ពិធីសារស្តីការព្យាបាលជំងឺ COVID-19 នៅប្រទេសកម្ពុជា របស់ក្រសួងសុខាភិបាល។
១. ការព្យាបាលដោយការគាំទ្រ
ការព្យាបាលដោយការគាំទ្រ សំដៅទៅលើការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ ត្រួតពិនិត្យជាតិទឹក និងតុល្យភាពអេឡិចត្រូលីត តាមដានសញ្ញាជីវិតយ៉ាងម៉ត់ចត់ តាមដានកំហាប់អុកស៊ីសែន ដើម្បីរកមើលនូវការចុះខ្សោយ។
២. ការព្យាបាលដោយអុកស៊ីសែន
ការព្យាបាលដោយអុកស៊ីសែនក្នុងអត្រា ៥លីត្រ/នាទី និងក្នុងកម្រិតមួយជាក់លាក់ ដើម្បីរក្សាកំហាប់អុកស៊ីសែន។ ប្រើបំពង់អុកស៊ីសែនតាមច្រមុះ ឬរបាំងមុខជាមួយថង់រក្សាអុកស៊ីសែនតាមការចាំបាច់។
៣. ការបញ្ចូលសារធាតុរាវ
ការគ្រប់គ្រងការបញ្ចូលសារធាតុរាវ ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានជំងឺ COVID-19 នៅពេលគ្មានភស្តុតាងបញ្ជាក់ថាមានហ្សុក (Shock)។ ការផ្តល់សារធាតុរាវខ្លាំងពេក អាចធ្វើឲ្យអុកស៊ីសែនកាន់តែអាក្រក់ទៅៗ។
៤. ឱសថប្រឆាំងមេរោគ
ផ្តល់អង់ទីប៊ីយ៉ូទិកជំនាន់ចុងក្រោយសម្រាប់ព្យាបាលករណីសង្ស័យ ករណីមធ្យម ករណីធ្ងន់ធ្ងរ ឬករណីសង្គ្រោះបន្ទាន់ ឬអ្នកជំងឺដែលសង្ស័យថាមាន Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) ឬនៅពេលកំពុងលទ្ធផលនៃការធ្វើតេស្ត SARS-CoV-2 PCR។ ការផ្តល់ថ្នាំអង់ទីប៊ីយោទិចក្នុងរយៈពេល១ម៉ោង នៃការវាយតម្លៃដំបូង (បន្ទាប់ពីយកសំណាកឈាមទៅពិនិត្យ) សម្រាប់អ្នកជំងឺដែលមានការសង្ស័យថាមាន Sepsis។
ជម្រើសនៃការផ្តល់ថ្នាំអង់ទីប៊ីយោទិចដែលមានលក្ខណៈជាក់លាក់ គួរផ្អែកលើការធ្វើរោគវិនិច្ឆ័យគ្លីនិក និងគោលការណ៍ណែនាំតាមវេជ្ជបញ្ជាក្នុងស្រុក។ ពិនិត្យឡើងវិញនូវតម្រូវការនៃការព្យាបាលដោយអង់ទីប៊ីយោទិចប្រចាំថ្ងៃ ការបញ្ឈប់អង់ទីប៊ីយោទិចផ្អែកលើលទ្ធផលនៃការវិភាគ និងការវិនិច្ឆ័យគ្លីនិក។
៥. ការតាមដាន
ការតាមដានត្រូវធ្វើឡើងយ៉ាងដិតដល់ ក្រែងមានការវិវត្តន៍ទៅជាធ្ងន់ធ្ងរ ដូចជាមានវិបត្តិដកដង្ហើម និង Sepsis។ ប្រសិនបើអ្នកជំងឺលេចចេញវិបត្តិទាំងនោះ ឬខ្សោយសរីរាង្គដទៃទៀត ដែលមិនអាចគ្រប់គ្រងក្នុងមូលដ្ឋានព្យាបាល និងថែទាំបាន គ្រូពេទ្យនឹងពិចារណា ការសង្គ្រោះក្នុងបន្ទប់ ICU។
៦. ការព្យាបាលតាម “Off Label”
នៅមិនទាន់មានការព្យាបាលដោយឱសថប្រឆាំងវីរុស និងឱសថផ្សំ ដែលត្រូវបានផ្ដល់សិទ្ធ និងបញ្ជាក់ដោយការសាកល្បងគ្លីនិក (Clinical trial) ដើម្បីព្យាបាលអ្នកជំងឺនេះ នៅឡើយទេ។ ដូចប្រទេសដទៃទៀតដែរ ប្រទេសកម្ពុជាយើងជ្រើសរើសយកការព្យាបាលដោយប្រើថ្នាំប្រឆាំងវីរុស ដោយផ្អែកតាម “Off Label” ឬ “Compassionate”។ ប្រសិនបើអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ សម្រេចចិត្ត ឲ្យអ្នកជំងឺប្រើឱសថដែលប្រើក្នុងការព្យាបាលនេះបាន លុះត្រាតែអ្នកជំងឺយល់ស្របជាមុនសិន ។ គួរបញ្ជាក់ដែរថា មិនត្រូវផ្ដល់ថ្នាំ ពពួក Corticosteroid ជាប្រចាំក្នុងការព្យាបាលជំងឺរលាកសួតដោយវីរុស ឬ ARDS (Acute Respiratory Distress Syndrom) នោះទេ លើកលែងតែមានការចង្អុលបង្ហាញដោយហេតុផលផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]