គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៧ករណីហើយ។ គ្រប់អ្នកឆ្លងជំងឺទាំងអស់តម្រូវឲ្យនៅដាច់ឡែក ដើម្បីតាមដាន និងព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យតាមបណ្តាខេត្តជាដើម។
តើការថែទាំ និងព្យាបាលជំងឺ COVID-19 ទាំង៤៧នាក់ ធ្វើឡើងដោយរបៀបណាខ្លះ? តាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល គោលការណ៍របស់ក្រសួង ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 អនុវត្តតាម ៥ចំណុចសំខាន់ៗខាងក្រោមនេះ។
១. បន្តតាមដានការវិវត្តន៍នៃសុខភាពរបស់អ្នកជំងឺ
២. ណែនាំគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ មិនឲ្យមានការភ័យខ្លាច
៣. ខិតខំបំប៉នចំណីអាហារ
៤. រក្សាអនាម័យ
៥. ហាត់ប្រាណ។
ចំណែកឯការព្យាបាលអ្នកជំងឺ COVID-19 ផ្អែកទៅលើ ៦ ចំណុចខាងក្រោម នេះបើតាម ពិធីសារស្តីការព្យាបាលជំងឺ COVID-19 នៅប្រទេសកម្ពុជា របស់ក្រសួងសុខាភិបាល។
១. ការព្យាបាលដោយការគាំទ្រ
ការព្យាបាលដោយការគាំទ្រ សំដៅទៅលើការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ ត្រួតពិនិត្យជាតិទឹក និងតុល្យភាពអេឡិចត្រូលីត (សារធាតុរ៉ែក្នុងខ្លួន) តាមដានសញ្ញាជីវិតយ៉ាងម៉ត់ចត់ តាមដានកំហាប់អុកស៊ីសែន ដើម្បីរកមើលនូវការចុះខ្សោយ។
២. ការព្យាបាលដោយអុកស៊ីសែន
ការព្យាបាលដោយអុកស៊ីសែនក្នុងអត្រា ៥លីត្រ/នាទី និងក្នុងកម្រិតមួយជាក់លាក់ ដើម្បីរក្សាកំហាប់អុកស៊ីសែន។ ប្រើបំពង់អុកស៊ីសែនតាមច្រមុះ ឬរបាំងមុខជាមួយថង់រក្សាអុកស៊ីសែនតាមការចាំបាច់។
៣. ការបញ្ចូលសារធាតុរាវ
ការគ្រប់គ្រងការបញ្ចូលសារធាតុរាវ ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានជំងឺ COVID-19 នៅពេលគ្មានភស្តុតាងបញ្ជាក់ថាមានស្ហុក (Shock)។ ការផ្តល់សារធាតុរាវខ្លាំងពេក អាចធ្វើឲ្យអុកស៊ីសែនកាន់តែអាក្រក់ទៅៗ។
៤. ឱសថប្រឆាំងមេរោគ
ផ្តល់អង់ទីប៊ីយ៉ូទិកជំ (ថ្នាំផ្សះ) នាន់ចុងក្រោយសម្រាប់ព្យាបាលករណីសង្ស័យ ករណីមធ្យម ករណីធ្ងន់ធ្ងរ ឬករណីសង្គ្រោះបន្ទាន់ ឬអ្នកជំងឺដែលសង្ស័យថាមាន Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) ឬនៅពេលកំពុងលទ្ធផលនៃការធ្វើតេស្ត SARS-CoV-2 PCR។ ការផ្តល់ថ្នាំអង់ទីប៊ីយោទិចក្នុងរយៈពេល១ម៉ោង នៃការវាយតម្លៃដំបូង (បន្ទាប់ពីយកសំណាកឈាមទៅពិនិត្យ) សម្រាប់អ្នកជំងឺដែលមានការសង្ស័យថាមាន Sepsis។
ជម្រើសនៃការផ្តល់ថ្នាំអង់ទីប៊ីយោទិចដែលមានលក្ខណៈជាក់លាក់ គួរផ្អែកលើការធ្វើរោគវិនិច្ឆ័យគ្លីនិក និងគោលការណ៍ណែនាំតាមវេជ្ជបញ្ជាក្នុងស្រុក។ ពិនិត្យឡើងវិញនូវតម្រូវការនៃការព្យាបាលដោយអង់ទីប៊ីយោទិចប្រចាំថ្ងៃ ការបញ្ឈប់អង់ទីប៊ីយោទិចផ្អែកលើលទ្ធផលនៃការវិភាគ និងការវិនិច្ឆ័យគ្លីនិក។
៥. ការតាមដាន
ការតាមដានត្រូវធ្វើឡើងយ៉ាងដិតដល់ ក្រែងមានការវិវត្តន៍ទៅជាធ្ងន់ធ្ងរ ដូចជាមានវិបត្តិដកដង្ហើម និង Sepsis។ ប្រសិនបើអ្នកជំងឺលេចចេញវិបត្តិទាំងនោះ ឬខ្សោយសរីរាង្គដទៃទៀត ដែលមិនអាចគ្រប់គ្រងក្នុងមូលដ្ឋានព្យាបាល និងថែទាំបាន គ្រូពេទ្យនឹងពិចារណា ការសង្គ្រោះក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) ។
៦. ការព្យាបាលតាម “Off Label”
នៅមិនទាន់មានការព្យាបាលដោយឱសថប្រឆាំងវីរុស និងឱសថផ្សំ ដែលត្រូវបានផ្ដល់សិទ្ធ និងបញ្ជាក់ដោយការសាកល្បងគ្លីនិក (Clinical trial) ដើម្បីព្យាបាលអ្នកជំងឺនេះ នៅឡើយទេ។ ដូចប្រទេសដទៃទៀតដែរ ប្រទេសកម្ពុជាយើងជ្រើសរើសយកការព្យាបាលដោយប្រើថ្នាំប្រឆាំងវីរុស ដោយផ្អែកតាម “Off Label” ឬ “Compassionate”។ ការព្យាបាលនេះ បើយោងតាមពិធីសារស្តីការព្យាបាលជំងឺ COVID-19 នៅប្រទេសកម្ពុជា របស់ក្រសួងសុខាភិបាល គឺមានប្រើប្រាស់ឱសថមួយចំនួន ដូចជា ឱសថ Chloroquin phosphate និង ឱសថ Lopinavir/Ritonavir។ គួរបញ្ជាក់ដែរថា ឱសថដែលប្រើតាមវិធីសាស្ត្រ “Off Label” នេះ គឺមានតែវេជ្ជបណ្ឌិតប៉ុណ្ណោះ ទោះអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន ហើយប្រសិនបើអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ សម្រេចចិត្ត ឲ្យអ្នកជំងឺប្រើឱសថដែលប្រើក្នុងការព្យាបាលនេះបាន លុះត្រាតែអ្នកជំងឺយល់ស្របជាមុនសិន ។ គួរបញ្ជាក់ដែរថា មិនត្រូវផ្ដល់ថ្នាំ ពពួក ប្រឆំាងការរលាក( Corticosteroid) ជាប្រចាំក្នុងការព្យាបាលជំងឺរលាកសួតដោយវីរុស ឬ ARDS (Acute Respiratory Distress Syndrom) នោះទេ លើកលែងតែមានការចង្អុលបង្ហាញដោយហេតុផលផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]