ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លើករណីបុរសជនជាតិឥណ្ឌូនេស៊ី២នាក់ ដឹងថាឆ្លង COVID-19 នៅថៃហើយ ហេតុអីបានឆ្លងមកខ្មែរបាន? លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបកស្រាយថា ជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នោះ មិនមានថវិកាព្យាបាលនៅប្រទេសថៃ ហើយពេលមកដល់ខ្មែរក៏គ្មានរោគសញ្ញាអីគួរឲ្យសង្ស័យ។
“ជនជាតិឥណ្ឌូនេស៊ីបានមើលនៅមន្ទីរពេទ្យផាយ៉ាថៃ ប្រទេសថៃ ដល់ពិនិត្យនៅណុងទៅគេធ្វើតេស្តថា វិជ្ជមាន COVID-19។ ប៉ុន្តែដូចយើងដឹងហើយ ថៃមិនមែនមើលទទេទេ Charge លុយ ខ្ញុំមិនដឹងថា Charge លុយប៉ុន្មានទេ ប៉ុន្តែយើងឮហើយ ការប្រកាសរបស់ថៃ ជនបរទេសហ្នឹងទាល់តែមាន Health insurance ដល់ទៅ១០ម៉ឺនដុល្លារឯណោះ បានឲ្យចូលស្រុកថៃ”។
ម្យ៉ាងដោយសារតែស្រុកខ្មែរមើលជំងឺ COVID-19 ដោយមិនយកលុយ អ៊ីចឹងជនជាតិឥណ្ឌូនេស៊ីទាំងនោះក៏ធ្វើដំណើរមកកម្ពុជា។ ពេលធ្វើដំណើរមកកម្ពុជា បុរសឥណ្ឌូនេស៊ីទាំង២នាក់នោះ មិនមានរោគសញ្ញាអីទេ ក្រុមគ្រូពេទ្យស្កេនធម្មតា តែអត់មានឡើងកម្តៅអីទេ។ នេះជាការអះអាងបន្ថែមរបស់លោកជំទាវអ្នកនាំពាក្យ ក្រសួងសុខាភិបាល។
ចំពោះមធ្យោបាយធ្វើដំណើរវិញ បុរសឥណ្ឌូនេស៊ីបានជួលឡានតាក់ស៊ីមួយជិះដាច់តែឯងមកកម្ពុជា តាមច្រកប៉ោយប៉ែត។ ពេលមកដល់ខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ីរូបនោះទៅមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីពេទ្យសួរនាំ បុរសនោះប្រាប់ថា លោកបានតេស្តវិជ្ជមាន COVID-19 នៅថៃ។ លទ្ធផលតេស្តសាជាថ្មីបុរសនោះ ពិតជាវិជ្ជមានទាំង២នាក់មែន។
បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នោះ ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ដោយឡែកអ្នកបើកបរតាក់ស៊ីឲ្យបុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់ បានធ្វើតេស្ត COVID-19 រួចរាល់ដែរ តែកំពុងរង់ចាំលទ្ធផល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]