ប្រុសៗយើងមួយចំនួនទំនងជាបានជួបបញ្ហាដោះចាប់ផ្ដើមហើម និងធំជាងមុន។ តើដឹងទេថាម៉េចបានជាដោះយើងទៅជាអ៊ីចឹង ហើយបើហើមធំអ៊ីចឹង អាចមានបញ្ហាអ្វីឬអត់?
បញ្ហាដោះឡើងធំលើមនុស្សប្រុសយើង គឺបណ្ដាលមកពីមូលហេតុមួយ ឬទាំងពីរចូលគ្នា គឺទីមួយលើសជាតិខ្លាញ់ក្នុងដោះ ឬក្រពេញក្នុងដោះដុះឡើងច្រើន (gynecomastia)។ បញ្ហាចាល់ខ្លាញ់ច្រើន គឺកើតឡើងលើអ្នកធាត់ ដែលកើតឡើងនៅលើដោះទាំងសងខាង។ សម្រាប់បញ្ហា ក្រពេញក្នុងដោះដុះឡើងច្រើន វិញ ដោះរបស់យើងមានសភាពរឹងរលោង និងមានលក្ខណៈដូចយឺតតិចៗដូចកៅស៊ូ ហើយភាគច្រើនកើតលើដោះទាំងសងខាង ប៉ុន្តែក៏អាចកើតតែលើដោះតែម្ខាងបានដែរ។
សម្រាប់អ្នកកើត ក្រពេញក្នុងដោះដុះឡើងច្រើន គឺភាគច្រើនអាចមានអារម្មណ៍ខ្មាស់គេដោយសារតែដោះធំ តែក្រៅពីនេះវាមិនបង្កគ្រោះថ្នាក់អ្វីដល់យើងឡើយ។ ប៉ុន្តែបើមនុស្សយើងកើតបញ្ហានេះនិងបារម្ភថាអាចមានជំងឺអ្វីផ្សេង គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់។ ភាគច្រើនមូលហតុរបស់វា គឺដោយសារតែផលរំខានរបស់ថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំ បញ្ចុះទឹកនោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែលវាជាថ្នាំជួយឲ្យក្រពេញប្រូស្តាតដែលរីកធំ រួមមកតូច ថ្នាំក្រពះដូចជា cimetidine (Tagamet) និង ranitidine (Zantac) និងថ្នាំអ័រម៉ូន ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។
មានពេលខ្លះគ្រូពេទ្យមិនអាចរកឃើញមូលហេតុក្រពេញក្នុងដោះដុះឡើងច្រើន បានភ្លាមៗឡើយ ដូចនេះមិនអាចព្យាបាលបានភ្លាមៗដូចគ្នា។ ប៉ុន្តែបើដោះរីកធំដោយសារតែមានការកើនឡើងនៃជាតិខ្លាញ់ យើងអាចកាត់បន្ថយមកវិញតាមរយៈការសម្រកគីឡូ។
[embed-health-tool-bmi]