ពេលនិយាយដល់រឿងចង់បានកូន មនុស្សជាច្រើនទំនងជាគិតថាជារឿងងាយសម្រាប់មនុស្សប្រុស និងគ្មានអ្វីគួរឲ្យបារម្ភនោះទេ។ យ៉ាងណា គំនិតនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះថាកន្លងមកមានការយល់ខុសជាច្រើនលើសមត្ថភាពបង្កកំណើតរបស់មនុស្សប្រុស។
ខាងក្រោមនេះ ជារឿងបីយ៉ាងដែលមនុស្សជាច្រើនគិតលើសមត្ថភាពបង្កកំណើតរបស់ប្រុសៗ ហើយប្រុសៗយើងក៏គួរដឹងដែរ។
១.បញ្ហាគ្មានកូនជាកំហុសខាងស្រី
មនុស្សជាច្រើនជឿជាទូទៅថាបញ្ហាមិនអាចមានកូនបានមកពីបញ្ហាដៃគូខាងស្រី ប៉ុន្តែការជឿបែបនេះ មិនត្រឹមត្រូវទេ។ ជាការពិត បុរសយើងក៏មានចំណែកប្រហែលពាក់កណ្ដាលលើបញ្ហាមិនអាចមានកូន។ របាយការណ៍មួយបង្ហាញថា ដៃគូចំនួន២០ភាគរយមិនអាចមានកូនបាន ដោយសារបញ្ហាខាងបុរស និងដៃគូប្រហែលជា៣០ភាគរយផ្សេងទៀតមានបញ្ហាគ្មានកូនមកពីភាគីទាំងពីរតែម្ដង។
ជាធម្មតា សម្ថភាពបង្កកំណើតរបស់បុរសគឺអាស្រ័យលើបរិមាណ និងគុណភាពមេជីវិត។ ប្រសិនជាគុណភាពមេជីវិតទាប ក៏ធ្វើឲ្យមនុស្សប្រុសជួបបញ្ហាមិនងាយធ្វើឲ្យខាងស្រីមានផ្ទៃពោះ ឬមិនមានផ្ទៃពោះតែម្ដង។ មនុស្សប្រុសមួយចំនួនជួបបញ្ហាចំនួនមានជីវិតមានតិច ឬមេជីវិតមិនអាចធ្វើការបានពេញលេញទៅតាមអ្វីដែលមេជីវិតទូទៅធ្វើបាន។ មនុស្សប្រុសខ្លះទៀតក៏មានដែរបញ្ហាខ្សោយចំណង់ផ្លូវភេទ ឬអសមត្ថភាពផ្លូវភេទ កម្រិតអ័រម៉ូនទាប បញ្ហាហ្សែន និង sperm antibodies ជាដើម។
២. បញ្ហាសុខភាពស្រ្តីជាហេតុនាំឲ្យគ្មានកូន
ការលើកឡើងបែបនេះ ដូចជាដាក់បន្ទុកលើស្រ្តីពេកហើយ ដែលនេះជារឿងមិនអាចទទួលយកបាននោះទេ។ គ្នាយើងទំនងជាដឹងខ្លះហើយថាមានរឿងជាច្រើន ដែលប្រុសៗយើងប្រព្រឹត្ត ហើយបង្កគ្រោះថ្នាក់ដល់ការផលិតមេជីវិត។ រឿងទាំងនោះមានដូចជា ការជក់បារី ផឹកស្រាច្រើន ឆ្លងជំងឺកាមរោគ និងការប៉ះពាល់សារធាតុគីមីពុលផ្សេងៗជាដើម។
ប្រុសៗយើងជាច្រើនទំនងជាមិនបានដឹងទេថា ដើម្បីផលិតបានមេជីវិតដែលល្អ និងមានគុណភាពបានត្រូវស៊ីពេលប្រហែលបីខែឯណោះ។ មូលហេតុចំបងដែលប្រុសៗជួបបញ្ហាបង្កកំណើត គឺដោយសារបញ្ហាផលិតមេជីវិតនេះឯង ដែលនេះហើយបានជាយើងត្រូវថែទាំសុខភាពឲ្យបានល្អយ៉ាងតិចបីខែ មុននឹងចង់បានកូន។ ដូចគ្នាដែរ ការដកខ្លួនឆ្ងាយពីកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើ ក៏ជួយឲ្យរាងកាយប្រុសៗយើង ផលិតមេជីវិតបានប្រសើរដែរ។
៣. មនុស្សប្រុសនៅវ័យណាក៏អាចមានកូនបាន
ប្រុសៗច្រើននិយាយថា ទោះខ្លួនក្នុងវ័យណាក៏អាចមានកូនបានដែរ។ នេះជាការពិត ទោះជាយើងនៅវ័យ៧០ឆ្នាំ ឬលើសពីនេះក៏នៅតែអាចមានលទ្ធភាពបង្កកំណើតបានដែរ។ បើអ៊ីចឹង ចុះអ្វីជាបញ្ហា?
ប្រុសៗយើងត្រូវចាំថាថ្វីដ្បិតតែយើងអាចមានលទ្ធភាពបង្កកំណើតបានមែន តែគុណភាពមេជីវិតរបស់យើងក៏ធ្លាក់ចុះទៅតាមអាយុរបស់យើងដែរ។ ពេលឈានចូលវ័យ៤៥ឆ្នាំហើយនោះ មនុស្សប្រុសយើងតែងប្រើរយៈពេលយូរជាងមនុស្សវ័យក្មេងជាងនេះ ក្នុងការធ្វើឲ្យដៃគូមានផ្ទៃពោះ។
ដូចគ្នាដែរ មនុស្សប្រុសដែលបង្កកំណើតក្នុងវ័យកាន់តែចាស់ ក៏អាចប្រឈមហានិភ័យខាងស្រីងាយរលូតកូនបានដែរ។ វ័យកាន់តែចាស់បរិមាណទឹកកាមក៏កាន់តែតិច ចលនារបស់មេជីវិតក៏ប្រែប្រួល សារធាតុសំខាន់ៗដែលជួយឲ្យមេជីវិតធ្វើការបានល្អក៏ប្រែប្រួលទៅតាមអាយុដែរ។
ការណ៍នេះ អាចធ្វើឲ្យកូនដែលកើតនៅពេលប៉ាៗមានអាយុកាន់តែចាស់អាចប្រឈមនឹងជំងឺទាក់ទងនឹងហ្សែន បញ្ហាក្រូម៉ូសូមទាក់ទងនឹងបញ្ហាលូតលាស់ខាងរាងកាយ និងសតិបញ្ញា ដូចជា Down syndrome និងកូនជួបបញ្ហាអូទីស្សឹមជាដើម។
[embed-health-tool-bmi]