ជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា គាំងបេះដូង ជាជំងឺមិនឆ្លងតែ អាចសម្លាប់លឿនបំផុត។ បើតាមតួលេខរបស់អង្គការសុខភាពពិភពលោក នៅកម្ពុជា ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ដែលតួលេខនេះខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំពោះមូលហេតុសំខាន់ៗនាំឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង លោកវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា បណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅ ម្នាក់ៗចូលចិត្តស្រណុកសុខស្រួល មិនសូវបញ្ចេញកម្លាំងពលកម្ម ឬញើស និងការញ៉ាំចំណី ពពួក Fast food អាហារខ្លាញ់ៗជាដើម។
“ពីមុនធ្លាប់ធ្វើពលកម្ម ឥឡូវមកស្រណុក ធ្លាប់តែដើរ ឥឡូវជិះឡានម៉ូតូ អត់បញ្ចេញពលកម្ម ធ្លាប់តែញ៉ាំបន្លែ ផ្លែឈើ អាហារខ្មែរដែលល្អ មកញ៉ាំ Fast Food អាហារអស់ហ្នឹងនាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ ទៅជាកើតជំងឺបេះដូង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជារូបនេះបានបន្តថា ជំងឺស្ទះសរសៃឈាមបេះដូងអាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី បើដឹងថាយើងមានជំងឺនេះហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យព្យាបាលជាបន្ទាន់។ ក្នុងនោះសញ្ញាដំបូង នៃអាការៈគាំងបេះដូង រួមមាន ចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់ ហើយនៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ សូម្បីតែនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើស អស់កម្លាំង ឬវិលមុខ។
ប្រសិនអ្នកជំងឺចុកដើមទ្រូងខ្លាំងភ្លាម មានតែវិធីសង្គ្រោះបឋមប៉ុណ្ណោះដែលអាចជួយបាន មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ តែក៏ត្រូវចៀសវាងនូវកាយវិការមិនត្រឹមត្រូវផងដែរ ព្រោះធ្វើឲ្យអ្នកជំងឺរឹតតែគ្រោះថ្នាក់ថែមទៀត។
– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំឲ្យអ្នកជំងឺធ្វើចលនា
– ឲ្យអ្នកជំងឺដកដង្ហើមឲ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។
លោកវេជ្ជបណ្ឌិតថា បើមាននរណាម្នាក់មានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ព្យាយាមធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។
ក្នុងករណីអ្នកជំងឺគាំងបេះដូង ធ្វើទុក្ខធ្ងន់ធ្ងរដល់ថ្នាក់បេះដូងលែងដើរ លោកវេជ្ជបណ្ឌិត ណែនាំឲ្យសង្គ្រោះដោយការធ្វើចលនាបេះដូង ដោយសង្កត់បេះដូង និងសប់ ឬផ្លុះខ្យល់ រង់ចាំគ្រូពេទ្យទៅដល់ ឬមុនមកដល់មន្ទីរពេទ្យ។
ងាកមកពីវិធីការពារជំងឺស្ទះសរសៃឈាមបេះដូងវិញ យើងត្រូវបកទៅរកមូលហេតុ និងកត្តាជំរុញផ្សេងៗ ហើយបញ្ឈប់រាល់សកម្មភាពទាំងនេះ។
– ចៀសវាងអាហារប្រៃ
– កាត់បន្ថយការញ៉ាំសាច់ និងអាហារសម្បូរជាតិខ្លាញ់
– កុំជក់បារី ផឹកគ្រឿងស្រវឹង
– គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករឲ្យបានល្អ
– រក្សាទម្ងន់ឲ្យបានសមស្រប
– ហាត់ប្រាណ និងតាមដានសុខភាពឲ្យបានទៀងទាត់។
[embed-health-tool-heart-rate]