backup og meta

មូលហេតុ និងគ្រោះថ្នាក់នៃជំងឺគាំងបេះដូង មនុស្សភាគច្រើនមិនសូវខ្វល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 13, 2020

    មូលហេតុ និងគ្រោះថ្នាក់នៃជំងឺគាំងបេះដូង មនុស្សភាគច្រើនមិនសូវខ្វល់

    ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំង​បេះដូង ជា​ជំងឺ​មិន​ឆ្លង​តែ អាច​សម្លាប់​លឿន​បំផុត។ បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

    ចំពោះ​មូល​ហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង លោក​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ ម្នាក់ៗ​ចូល​ចិត្ត​ស្រណុក​សុខ​ស្រួល មិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្ម ឬ​ញើស និង​ការ​ញ៉ាំ​ចំណី ពពួក Fast food អាហារ​ខ្លាញ់ៗ​ជាដើម។

    “ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។

    ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី បើ​ដឹង​ថា​យើង​មាន​ជំងឺ​នេះ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល​ជា​បន្ទាន់។ ក្នុង​នោះ​សញ្ញា​ដំបូង នៃ​អាការៈ​គាំង​បេះដូង រួមមាន ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់ ហើយ​នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បីតែ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើស អស់កម្លាំង ឬ​វិលមុខ។

    ប្រសិន​អ្នក​ជំងឺ​ចុក​ដើម​ទ្រូង​ខ្លាំង​ភ្លាម មាន​តែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ តែ​ក៏​ត្រូវ​ចៀសវាង​នូវ​កាយវិការ​មិន​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​រឹត​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត។

    – ឲ្យ​អ្នក​ជំងឺ​សម្រាក អង្គុយ​នៅ​ស្ងៀម

    – កុំឲ្យ​អ្នក​ជំងឺ​ធ្វើ​ចលនា

    – ឲ្យ​អ្នកជំងឺ​ដក​ដង្ហើម​ឲ្យ​បាន​គ្រប់​គ្រាន់ វែងៗ

    – កុំ​ទៅ​រោម​អ្នក​ជំងឺ​ជិត ធ្វើ​ថប់​ខ្យល់ អត់​មាន​អុកស៊ីសែន​ដក​ដង្ហើម

    – ទូស័ព្ទ​ហៅ​ឡាន​ពេទ្យ តាម​លេខ ១១៩។

    លោក​វេជ្ជបណ្ឌិត​ថា បើ​មាន​នរណា​ម្នាក់​មាន​អាការៈ​គាំង​បេះដូង​ហើយ កុំ​​អូស​បន្លាយ​ពេល​វេលា ព្យាយាម​ធ្វើ​តាម​វិធី​បុរាណ​ដោយ​ការ​កោស​ជប់​ខ្យល់ ឬ​ទៅ​បន់​ស្រន់​ផ្សេងៗ ព្រោះ​វិធី​នេះ​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ទេ ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។

    ក្នុង​ករណី​អ្នក​ជំងឺ​គាំង​បេះដូង ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​បេះដូង​លែង​ដើរ លោក​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​សង្គ្រោះ​ដោយ​ការ​ធ្វើ​ចលនា​បេះដូង ដោយ​សង្កត់​បេះដូង និង​សប់ ឬ​ផ្លុះ​ខ្យល់ រង់ចាំ​គ្រូពេទ្យ​ទៅ​ដល់ ឬ​មុន​មក​ដល់​មន្ទីរពេទ្យ។

    វេជ្ជបណ្ឌិត សុខ ជួរ
    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា

    ងាក​មក​ពី​វិធី​ការពារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​វិញ យើង​ត្រូវ​បក​ទៅ​រក​មូលហេតុ និង​កត្តា​ជំរុញ​ផ្សេងៗ ហើយ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​នេះ។

    – ចៀស​វាង​អាហារ​ប្រៃ

    – កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់

    – កុំ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង

    – គ្រប់គ្រង​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ

    – រក្សា​ទម្ងន់​ឲ្យ​បាន​សម​ស្រប

    – ហាត់​ប្រាណ និង​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម